រដ្ឋមន្រ្តីបរិស្ថាន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យឯកឧត្តម Stefan Messerrer ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹង និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងភាពរឹងមាំរបស់ប្រទេសកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ និងការរីកចម្រើនផ្នែកសេវាសាធារណនៅក្នុងទីក្រុង និងតាមបណ្តាខេត្តនានាដូចជា ខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម។
ជាការបន្ថែមឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងថា៖
ទី១-ដោយសារស្ថិរភាពនយោបាយពេញលេញ កត្តានេះបានជំរុញឱ្យកម្ពុជាមានឱកាសគិតគូរច្រើនអំពីបញ្ហាបរិស្ថាន ជាអាទិ៍ ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសំរាម សំណល់រឹង ការវិនិយោគបៃតង ជាដើម ទី២-ឯកឧត្តមមានការជឿជាក់ថាប្រទេសកម្ពុជានឹងមានការរីកចម្រើនថ្មីបន្ថែមទៀតក្នុងពេលខាងមុខ និងទី៣-ស្ថានទូតបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តជួយជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការងារក្នុងវិស័យបរិស្ថាន និងប្រឹងប្រែងរកវិនិយោគទុនថ្មីៗបង្ថែមទៀតមកប្រទេសកម្ពុជាកាន់តែច្រើន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូត និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលកន្លងមកបានជួយគាំទ្រដល់ការអភិវឌ្ឍនៃប្រទេសកម្ពុជា និងកិច្ចសហការក្នុងការងារវិស័យបរិស្ថាន ហើយនៅពេលខាងមុខ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ នឹងមានការរីកចម្រើនបន្ថែមទៀត៕