ទូតជប៉ុនជឿជាក់ថា កម្ពុជានឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០
ភ្នំពេញ៖ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ដែលទើបនឹងចប់អាណត្តិបេសកកម្មការទូត បានចូលជួបសម្តែងការគួរសម និងជម្រាបលាឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ កាលពីដើមសប្តាហ៍នេះ។
ឯកឧត្តមបានបង្ហាញនូវការគោរពអរគុណដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ ដោយបេសកកម្មរបស់គាត់បានប្រព្រឹត្តទៅបានយ៉ាងល្អ ដោយបានទទួលការស្រលាញ់រាប់អានពីប្រទេសកម្ពុជា។
ឯកឧត្តម បានបន្ថែមថា ឯកឧត្តមមានការកោតសរសើរចំពោះប្រទេសកម្ពុជា៖
ទី១- ដែលមានការអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់សម្តេចេជោនាយករដ្ឋមន្រ្តី
ទី២-ឯកឧត្តមមានការជឿជាក់ថា កម្ពុជានឹងក្លាយទៅជា ប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០
ទី៣-ការពង្រឹង និងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហការរវាងប្រទេសទាំងពីរ ឱ្យទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ និងទី៤ប្រទេសជប៉ុននៅតែបន្តគាំទ្រប្រទេសកម្ពុជាជានិច្ច។
ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនដែលជាដៃគូសំខាន់ និងជាមិត្តជិតស្និទរបស់កម្ពុជា ដែលបានជួយក្នុងការអភិវឌ្ឍកម្ពុជា និង កិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេសទាំងពីរ ដោយមានសកម្មភាពយ៉ាងច្រើនរួមគ្នារួមមាន៖
ទី១-ការរួមគ្នាជំរុញលើកកម្ពស់សេដ្ឋកិច្ច ជំរុញវិនិយោគទុនមកកម្ពុជា ការសហការ និងចែករំលែកទាំងក្នុងវិស័យអប់រំ វិស័យបរិស្ថាន និងវិស័យវប្បធម៌
ទី២-ស្ពាន និងផ្លូវថ្នល់ ដែលជាជំនួយរបស់ប្រទេសជប៉ុន គឺជាសរសៃឈាមរវាងរបស់ប្រទេសទាំងពីរ និងទី៣-កិច្ចសហការដែលប្រព្រឹត្តទៅដោយរលូន រវាងរាជរដ្ឋាភិបាលកម្ពុជានិងប្រទេសជប៉ុន ដែលជំរុញឱ្យគម្រោងជប៉ុនទាំងអស់នៅកម្ពុជាដំណើរការទៅបានយ៉ាងល្អ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជូនពរឯកឧត្តម មិកាមិ ទទួលបានជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មខាងមុខនេះ៕