ឯកឧត្តម ប៉ាន សូរស័ក្តិ ដឹកនាំគណប្រតិភូកម្ពុជា ចូលរួមកម្មវិធីអាហារថ្ងៃត្រង់ C-Suite Luncheon និងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-អឺរ៉ុប លើកទី១០
ភ្នំពេញ៖ នៅទីក្រុងព្រុចសែល នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកក្នុងនាមសម្តេច តេជោនាយករដ្ឋមន្ត្រី ក្នុងកម្មវិធីអាហារថ្ងៃត្រង់ C-Suite Luncheon ដែលព្រឹត្តិការណ៍នេះមានការចូលរួមពីប្រមុខរដ្ឋាភិបាល រូមមានឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋហ្វ៊ីលីពីន ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមនិងថៃ ឯកឧត្តម លោកជំទាវរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីបណ្តាប្រទេសអាស៊ាន និងសហភាពអឺរ៉ុប តំណាងសភាពាណិជ្ជកម្ម នាយកប្រតិបត្តិក្រុមហ៊ុនធំៗ និងដៃគូធុរកិច្ច ប្រមាណ ២០០នាក់។
គួរបញ្ជាក់ថា ជំនួបអាហារថ្ងៃត្រង់នេះរៀបចំឡើង មានគោលបំណងពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ធុរជនមកពីឧស្សាហកម្មអឺរ៉ុប និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ហើយវាក៏ជាវេទិកាសម្រាប់វិស័យឯកជនចូលរួមចែករំលែកពីទស្សនៈនៃការមើលឃើញពីតំបន់អាស៊ាន ដែលជាតំបន់សម្រាប់កំណើន និងសក្តានុពលនៃវិនិយោគ។
ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី អមដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រតិភូក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-អឺរ៉ុប លើកទី១០ ដែលបានសហការរៀបចំដោយ ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងក្រុមហ៊ុនធំៗមកពីតំបន់អាស៊ាន និងសហភាពអឺរ៉ុប។ ថ្លែងក្នុងសុន្ទរកថា ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា អាស៊ាន និងសហភាពអឺរ៉ុបបានធ្វើដំណើរដ៏វែងឆ្ងាយជាមួយគ្នាដើម្បីសម្រេចឱ្យបាននូវគោលបំណងចម្បងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងសហគមន៍ទាំងពីរ លើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងធុរកិច្ច ប្រកបដោយទំនើបកម្ម ភាពធន់ និងបរិយាប័ន្ន។
ឯកឧត្តមបន្តថា អាស៊ាន និងសហភាពអឺរ៉ុប ក៏ដូចជាសកលលោកទាំងមូល បានទទួលផលប៉ះពាល់យ៉ាងខ្លាំងពីការរាតត្បាតជាសកលនៃកូវីដ-១៩ក្នុងរយៈពេល០៣ឆ្នាំកន្លងមកនេះ និងបញ្ហាប្រឈមដ៏ទៃទៀតដូចជាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ សង្រ្គាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ។ល។ យ៉ាងណាមិញ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាមួយប្រទេសជាដៃគូ រួមទាំងសហភាពអឺរ៉ុប ប្រកបដោយស្មារតីរួបរួម តំបន់ទាំងពីរបានយកឈ្នះជាបណ្តើរៗលើការគម្រាមកំហែងជាសកល ហើយបានចាប់ផ្តើមដំណើរការស្តារឡើងវិញលើគ្រប់វិស័យ រួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ។
ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់វិស័យឯកជនដែលជាកម្លាំងចលករជំរុញការអនុវត្តយន្តការនានាដែលដាក់ចេញដោយរដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ ឱ្យមានប្រសិទ្ធិភាព។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់ឆ្នាំ២០២២ បានអំពាវនាវឱ្យធុរជននិងវិនិយោគិនបរទេសទាំងអស់ ជាពិសេសធុរជននិងវិនិយោគិនអឺរ៉ុបជ្រើសរើសនិអាស៊ានជាគោលដៅវិនិយោគ ប្រកបដោយសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។
គួរបញ្ជាក់ថា៖ ផ្អែកតាមទិន្នន័យនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទំនិញទ្វេភាគី រវាងកម្ពុជា និងសហភាពអឺរ៉ុប នៅឆ្នាំ២០២១ សម្រេចបាន ៤.១៨ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំ ៣.២២ ពាន់លានដុល្លារអាមេរិក និងការនាំចូលមានទំហំ ០.៩៥ពាន់លានដុល្លារអាមេរិក។ ប្រៀបធៀបនឹងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីឆ្នាំ២០២១ មានការកើនឡើងចំនួន ៨.៤៣%៕