ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការភ្នំពេញបកស្រាយបំភ្លឺ ទាក់ទងការចុះផ្សាយព័ត៌មានរបស់ផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា “វិទ្យុប្រជាជន”
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារ:ជនទាំងអស់ឲ្យបានជ្រាបថា ចំពោះករណីស្ត្រីម្នាក់ជិ់ះម៉ូតូស្គុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1JO-8587 មិនពាក់មួកសុវត្ថិភាព ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់នៅគោលដៅត្រួតពិនិត្យ កាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២០:០០នាទី ដេីម្បីធ្វេីការណែនាំអប់រំ។
បន្ទាប់ពីបានឃើញផេកហ្វេសបុកខាងលើចុះផ្សាយថា “តើក្រដាសនេះជាបង្កាន់ដៃផាកពិន័យក្លែងក្លាយឬ? ហើយហេតុអ្វីបានជាមិនមានចុះហត្ថលេខា និងឈ្មោះមន្រ្តី?” ផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ សូមបកស្រាយបំភ្លឺដូចខាងក្រោម៖
១- អំពីបង្កាន់ដៃដែលលើកឡើងនេះ វាមិនមែនជាបង្កាន់ដៃផាកពិន័យទេ វាជាក្រដាសកត់ត្រាកំហុស (បទល្មើស) និងសំគាល់អត្តសញ្ញាណយានយន្តដែលល្មើស ឲ្យទៅម្ចាស់យានយន្តកាន់ចូលទៅជួបអ្នកដោះស្រាយ និងសម្របសម្រួលនៅតុប៉ុណ្ណោះ។ ចំពោះការសរសេរក្រដាស់នេះឲ្យទៅម្ចាស់យានយន្ត ដោយសារពេលកំពុងអនុវត្តមានអ្នកល្មើសច្រើននាក់ដែលកំពុងតម្រង់ជួរគ្នារង់ចាំការផាកពិន័យតាមកំហុសដែលបានប្រព្រឹត្ត ។
២- អំពីបង្កាន់ដៃផាកពិន័យៈ សម្រាប់បង្កាន់ដៃផាកពិន័យ គឺធ្វើឡើងតាមម៉ាស៊ីនបច្ចេកទេសទ្រូម៉ានី ដែលមានបញ្ជាក់អំពីកំហុស កាលបរិច្ឆេទ ឈ្មោះមន្រ្តីទទួលប្រាក់ និងបោះត្រាត្រឹមត្រូវ។
៣- សម្រាប់ស្រ្តីខាងលើនេះ គឺមន្ត្រីនគរបាលចរាចរណ៍មិនបានធ្វេីការផាកពិន័យទេ ពីព្រោះគាត់បានប្រាប់សមត្ថកិច្ចថាផ្ទះគាត់នៅក្បែរនោះ ប្រញាប់ចេញមកទិញសម្ភារប្រេីប្រាស់ឲ្យកូន ម្យ៉ាងវិញទៀត គាត់ក៏មានមួកសុវត្ថិភាពនៅជាប់នឹងម៉ូតូផងដែរ ដោយឃេីញដូច្នេះ មន្ត្រីនគរបាលចរាចរណ៍ក៏បានធ្វើការណែនាំអប់រំគាត់ រួចក៏បានឲ្យគាត់ត្រឡប់ទៅវិញដោយមិនបានធ្វេីការផាកពិន័យនោះទេ៕