ផ្ទះប្រជាពលរដ្ឋជាង២ពាន់ខ្នង រងការខូចខាតដោយសារខ្យល់កន្ត្រាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ព្រះសីហនុ៖ លោក អុី ធារិន អភិបាលស្រុកព្រៃនប់ខេត្តព្រះសីហនុ ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ មានផ្ទះប្រជាពលរដ្ឋចំនួនជិត២០៤៩ខ្នងហើយតាមឃុំមួយចំនួនក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ បានរងការខូចខាត ក្នុងនោះខ្លះរបើកដំបូល ខ្លះបាក់រលំ និងមានពលរដ្ឋមួយចំនួនរងរបួស ដោយសារខ្យល់ព្យុះរដូវរំហើយដ៏អាក្រក់បោកបក់ពីជើងភ្នំកំចាយ ចាប់តាំងពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ខែធ្នូ២០២២។
បើតាមលោកអភិបាលស្រុកបញ្ជាក់បន្ថែមថា ឃុំដែលប៉ះពាល់ខ្លាំងជាងគេ មានឃុំទឹកថ្លា ទឹកល្អកសាមគ្គី វាលរេញនិងឃុំជើងគោ ហើយស្ថានភាពខ្យល់នៅតែបន្តធ្លាក់ មិនទាន់ធូរស្បើយនៅឡើយ គិតមកត្រឹមល្ងាចថ្ងៃដដែល ក្នុងនោះអាជ្ញាបានចាត់ចែងពិនិត្យដោះស្រាយជួយពលរដ្ឋរងគ្រោះ និងអំពាវនាវឲ្យពលរដ្ឋបង្កើនការប្រុងប្រយត្ន័ពីសុវត្ថិភាព ចំពោះគ្រោះធម្មជាតិនេះ។
សូមបញ្ជាក់ថា បើតាមរយៈសារសម្លេង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២កន្លងមកបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទាំងផ្លូវគោកនឹងតាមផ្លូវទឹក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គ្រាដែលការព្យាករណ៍អាកាសធាតុ បានឲ្យដឹងថា នឹងមានខ្យល់រលកខ្លាំង ដែលអាចបង្កហានិភ័យសម្រាប់ការធ្វើដំណើរ ក៏ដូចជានៅតាមបណ្តាស្រុកភូមិ-ល-៕