ឯកឧត្តម ឡេង ប៉េងឡុង ទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់
ភ្នំពេញ៖ ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលហ្សេឡង់ សម្រាប់ឆ្នាំ២០២៣-ឆ្នាំ២០២៤ ចំនួន ១៥នាក់ ដែលជាមន្ដ្រីរាជការ និងបុគ្គលិកក្រុមហ៊ុនឯកជន សម្រាប់បន្តការសិក្សាលើគ្រប់វិស័យដូចជា អភិបាលកិច្ចល្អ ការអប់រំបរិស្ថាន ការគ្រប់គ្រងវិបត្តិថាមពល សុខភាពចំណីអាហារ និងកសិកម្ម នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្ដែងការគួរសម ដើម្បីទទួលបាននូវអនុសាសន៍ល្អៗពី ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា មុនចេញដំណើរទៅសិក្សានៅប្រទេសនូវែលហ្សេឡង់។
ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលហ្សេឡង់ ទទួលបាននាពេលនេះ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយរបស់រដ្ឋាភិបាលនូវែលហ្សេឡង់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
ក្នុងឱកាសនោះដែរ ក្រុមនិស្សិតក៏បានទស្សនាសាលប្រជុំពេញអង្គរដ្ឋសភា ៕