ឧត្តមសេនីយ៍ឯក យឿង សុខុន និងឧត្តមសេនីយ៍ឯក កែន តារា បើកសិក្ខាសាលាបូកសរុបលទ្ធផល ការងារភស្តុភាប្រចាំឆ្នាំ២០២២ ទិសដៅបន្ត២០២៣ របស់យោធភូមិភាគទី៣
ភ្នំពេញ៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ កងទ័ពជើងគោក បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារភស្តុភាប្រចាំឆ្នាំ២០២២ ទិសដៅបន្ត២០២៣ របស់យោធភូមិភាគទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម ឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរង កងទ័ពជើងគោក ។
នៅក្នុងរបាយការណ៍ស្តីពីលទ្ធផលសម្រេចបានការងារភស្តុភារបស់យោធភូមិភាគទី៣ បានឲ្យដឹងថាផ្អែកតាមការដឹកនាំបញ្ជារបស់មេបញ្ជាការកងឯកភាពសមរភូមិមុខ ទិសយោធភូមិភាគទី៣ និងទិសដៅការងារឆ្នាំ២០២២ របស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក និងអនុវត្តតាមការងារឆ្នាំ២០២២ របស់លោកមេបញ្ជាការយោធភូមិភាគទី៣ ដឹកនាំបញ្ជាផ្ទាល់ យោធភូមិភាគទី៣ បានអនុវត្តន៍តាមតួនាទីភារកិច្ច រាល់កិច្ចការធានាភស្តុភាជូនដល់កងកម្លាំង ឈរជើងប្រចាំការតាមទិសជួរមុខ និងកម្លាំងដែលនៅតាមក្រោយ គ្រប់កងឯកភាពចំណុះយោធភូមិភាគទី៣ ។
ជាលទ្ធផលការងារភស្តុភាបានធានាដល់កងឯភាពចំណុះ ឱ្យខិតខំកសាងពង្រីកផ្ទះបាយរួមបន្ថែម ដើម្បីធានាឲ្យការហូបចុក ឲ្យកាន់តែប្រសើរ។ បានធានាជម្រុញការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ តាមកងឯកភាពដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ បានអប់រំផ្សព្វផ្សាយអំពីការស្លៀកពាក់ឯកសណ្ឋាន ប្រើប្រាស់ត្រឹមត្រូវតាមគោលរបបកំណត់ រួមទាំងប្រជុំផ្សព្វផ្សាយការងារជំនាញឲ្យចេះទុកដាក់ គ្រប់គ្រង សម្ភារៈ ថែរក្សា ឯកទេសជំនាញ កត់បូកបញ្ជីឱ្យបានត្រឹមត្រូវច្បាស់លាស់។ បានប្រគល់ទទួលសម្ភារៈ បានត្រួតពិនិត្យទាំងបរិមាណ និងគុណភាពបានត្រឹមត្រូវ និងបានធ្វើការបែងចែកជូនកងឯកភាពចំណុះ និងបានបើកចែកជូនយោធិនទាន់ពេលវេលា។ ទន្ទឹមនឹងនោះដែរយោធភូមិភាគទី៣ មានសកម្មភាពផុសផុលគ្រប់កងឯកភាពមានផ្ទះបាយរួម បង្កលក្ខណៈងាយស្រួលក្នុងការហូបចុកដល់នាយទាហាន នាយទាហានរង និងពលទាហាន គ្រប់កងឯកភាព ចំណុះយោធភូមិភាគផងដែរ ។
នៅក្នុងឱកាសនោះដែរអង្គសិក្ខាសាលា ក៏បានផ្តល់ឲ្យសមាជិកនៃអង្គពិធីចូលរួមមតិយោបល់ពីបណ្តាអង្គភាព និងជំនាញ ដើម្បីរិៈរកចំណុចខ្លាំង ខ្សោយ ឈានទៅសម្រេចការងារភស្តុភាឆ្នាំ២០២៣ ប្រកបដោប្រសិទ្ធភាពខ្ពស់ ។
អញ្ជើញមានចំណាប់អារម្មណ៍ ឧត្តមសេនីយ៍ឯក កែន តារា បានមានប្រសាសន៍ កោតសរសើរ និងលើកទឹកចិត្តដល់ជំនាញភស្តុភា របស់យោធភូមិភាគទី៣ កងទ័ពជើងគោក ក្រោមការដឹកនាំរបស់ ឯកឧត្តម យឿង សុខុន និងការងារស្នូលដ៏សកម្ម ពីបណ្តា មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់ បានចូលរួមអនុវត្តន៍ជំនាញការងាភស្តុភា ក្រោយពីបានផ្អាកអស់មួយរយៈកន្លងមក ហើយចាប់ផ្តើមឡើងវិញនាពេលនេះ ដែលបង្ហាញឲ្យឃើញថា ក្រោយពីមានសេចក្តីសម្រេចលេខ ០៤ របស់ក្រសួងការពារជាតិ ស្តីពីការកែទម្រង់បទដ្ឋានភស្តុភា ចេញនៅឆ្នាំ២០១៩ ខ្លឹមសារការកែទម្រង់នោះ គឺបច្ចុប្បន្នយើងបានដំណើរការនៅគ្រប់អង្គភាពចំណុះកងទ័ពជើងគោក។ ហើយនៅឆ្នាំ២០២២ នេះចំណុចចាប់ផ្តើមគឺបានអនុវត្តន៍ នៅយោធភូមិភាគទី៣ និងឈានទៅអនុវត្តន៍នៅបណ្តាយោធភូមិភាគផ្សេងៗទៀត នាពេលខាងមុខ។
ឧត្តមសេនីយ៍ឯក កែន តារា បានដាក់ចេញនូវទិសដៅបន្តចំនួន ២ ទី១ បន្តលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់កងទ័ព ក្នុងនោះរួមមាន៖ ការរៀបចំ ចាត់ចែងការស្លៀកពាក់សមរម្យ កសាងជំរំជំរកស្នាក់នៅ និងសុខមាលភាពជាដើម ទី២ បណ្តុះបណ្តាលយោធិនជំនាញជាគ្រូបង្គោលនៅក្នុងអង្គភាពរបស់ខ្លួន និងជ្រើសរើសយោធិន ដែលមានសមត្ថភាព ធនធានមនុស្សជានាយទាហានបន្តវេន រួមទាំងគំនិតកិច្ចសហការ និងចំណងទាក់ទងការងារ ពីថ្នាក់លើដល់ក្រោម តាមរយៈការណែនាំជំនាញ ផងដែរ ។
អញ្ជើញមានប្រសាសន៍បិទអង្គសិក្ខាសាលានាឱកាសនោះ ឧត្តមសេនីយ៏ឯក យឿង សុខុន បានគូសបញ្ជាក់ពីតួនាទី និងសារៈសំខាន់នៃការងារភស្តុភានៅក្នុងកងយោធពលខេមរភូមិន្ទ ដែលបម្រើឲ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ក៏ជាការងារប្រចាំថ្ងៃផងដែរ។
ឯកឧត្តម យឿង សុខុន បានចូលរួមអបអរសាទរចំពោះសមិទ្ធផលការងារភស្តុភារបស់យោធភូមិភាគទី៣ ទទួលបានលទ្ធផលផ្លែផ្កាគួជាទីមោទនៈ ព្រមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីជោគជ័យ ក្នុងរយៈកាលឆ្នាំ២០២២ និងជាបទពិសោធន៍សម្រាប់ទិសដៅបន្តឆ្នាំ២០២៣ ដែលគ្រប់អង្គភាព និងយោធិនបានអនុវត្តន៏ធានាបានតាមរយៈការខិតខំដាំដុះបន្តបង្កើនផលចិញ្ចឹមសត្វផ្គត់ផ្គង់ផ្ទះបាយចិញ្ចឹមទ័ព និងឈានទៅចែកចាយលក់បន្តនៅលើទីផ្សារថែមទៀតផង។ឧត្តមសេនីយ៏ឯក យឿង សុខុន បានថ្លែងអំណរគុណដល់ក្រសួងការជាតិ អគ្គបញ្ជាការ ពិសេសមេបញ្ជាការកងទ័ពជើងគោក ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខដល់កងទ័ពគ្រប់បណ្តាអង្គភាពចំណុះកងទ័ពជើងគោក និយាយរួម និងនិយាយដោយឡែកចំពោះអង្គភាពចំណុះយោធភូមិភាគទី៣ តាមរយះការផ្តល់ទំនុកបំរុងរួមមាន៖ សម្ភារៈប្រើប្រាស់ ថវិកា ការកសាងជំរំជំរកស្នាក់នៅដល់កងទ័ព ដែលធ្វើឲ្យកងទ័ពមានភាពកក់ក្តៅ នឹងន៎ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន ។
ទន្ទឹមហ្នឹងនេះដែរ អង្គសិក្ខាសាលាក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា យើងរួមគ្នាគិត រួមគ្នាធ្វើ ហើយនិងបន្តអនុវត្តឲ្យបានលទ្ធផលបន្ថែមទៀតសម្រាប់ឆ្នាំ២០២៣ ។ឧត្តមសេនីយ៏ឯក យឿង សុខុន បានសំណូមពរឲ្យបណ្តាអង្គភាពជំនាញ ក៏ជាយោធិនគ្រប់ផ្នែក បន្តជំរុញដឹកនាំបង្កើនប្រសិទ្ធភាពការងារធានាតាមរយៈការដាក់ចេញនូវការងារប្រឡងប្រណាំង និងការកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ហើយសង្ឃឹមថាឆ្នាំ២០២៣ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ យកជាកម្លាំងកាយ និងស្មារតីខិតខំបំពេញភារកិច្ចទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ៕