ឯកឧត្ដម ហ៊ុន ម៉ានី៖ ទីស្នាក់ការថ្មីៗរបស់ ស.ស.យ.ក. តាមបណ្តារាជធានី-ខេត្ត បង្ហាញពីវិសាលភាពកម្លាំង និងសក្តានុពលការងាររបស់មហាក្រុមគ្រួសារយុវជនទូទាំងប្រទេស
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានមានប្រសាសន៍ថា ទីស្នាក់ការថ្មីៗរបស់ ស.ស.យ.ក. តាមបណ្តារាជធានី-ខេត្ត បង្ហាញពីវិសាលភាពកម្លាំង និងសក្តានុពល ការងាររបស់មហាក្រុមគ្រួសារយុវជនទូទាំងប្រទេស។
នៅក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក ខេត្តរតនគិរី និងប្រកាសទទួលស្គាល់លោក ញ៉ែម សំអឿន ជាប្រធាន ស.ស.យ.ក ខេត្តខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរ និងអបអរសាទរចំពោះ សមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តរតនគិរី បានសម្រេចបាន ជាពិសេសនោះ គឺអគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តរតនគិរី។ ទន្ទឹមនឹងនេះលោកបានធ្វើការអបអរសាទរ ចំពោះលោក ញ៉ែម សំអឿន ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាការ ស.ស.យ.ក. ខេត្តរតនគិរីផងដែរ។
ជាមួយគ្នានោះឯកឧត្ដម ហ៊ុន ម៉ានី បានរំលេចបន្ថែមថា ទីស្នាក់ការថ្មីៗរបស់ ស.ស.យ.ក. តាមបណ្តា រាជធានី-ខេត្ត បានបង្ហាញពីវិសាលភាពកម្លាំង និងសក្តានុពលការងាររបស់មហាក្រុមគ្រួសារយុវជន ទូទាំងប្រទេស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការសង្គម មនុស្សធម៌ និងបុព្វហេតុជាតិ មាតុភូមិគ្រប់កាលៈ ទេសៈទាំងអស់ គ្រប់ទីកន្លែងដែល នេះគឺជាមោទកភាពដ៏ធំបំផុតរបស់ ស.ស.យ.ក ជាពិសេស ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយគឺការរីកលូតលាស់ នៃមហាក្រុមគ្រួសារ ស.ស.យ.ក ទូទាំងប្រទេស៕