ផ្លូវជាតិលេខ៣៣ ទទួលបានការសិក្សាហើយគ្រោងនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ដោយចំណាយពេលសាងសង់ប្រមាណ ២៤ខែ
ភ្នំពេញ៖ ផ្លូវជាតិលេខ៣៣ ទទួលបានការសិក្សា ហើយគ្រោងនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយចំនាយពេលសាងសង់សរុបប្រមាណ ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាកម្ចីហិរញ្ញប្បទានពីប្រទេសចិន។
កំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិតគុណភាពពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) តភ្ជាប់ពីទីរួមខេត្តកំពត ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ ១៤៨+១០០) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ដោយក្នុងនោះរួមមាន៖ ទទឹងតួផ្លូវ ១២ម៉ែត្រ និង១១ម៉ែត្រទៅតាមទីតាំងភូមិសាស្ត្រ ស្ពានទទឹង ១១ម៉ែត្រ ចំនួន៣កន្លែង លូចំនួន ១៣៤កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥កន្លែង។
កាលពីពេលថ្មីៗនេះឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោង (PMU) បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣ និងបានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារគម្រោង ដោយមានការចូលរួមផងដែរពី ឯកឧត្តម អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលខេត្តកែប តំណាងរដ្ឋបាលខេត្តកំពត តំណាងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ចំពោះទីលានត្រៀមរៀបចំកម្មវិធីបើកការដ្ឋាន គម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវបានរៀបចំសម្អាត ឈូសឆាយ ចាក់ថ្មកៀរកិនបង្ហាប់ ដើម្បីឱ្យមានរបៀបរៀបរយតាមការគ្រោងទុក។ ទីតាំងសម្រាប់រៀបចំកម្មវិធីខាងលើ គឺស្ថិតនៅតាមដងផ្លូវជាតិលេខ៣៣ផ្ទាល់ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ ៤+៨០០។
ដោយឡែកកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការខេត្ត នៃគម្រោងសាងសង់ និងលើកកម្រិតផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្រ្តខេត្តកែប និងខេត្តកំពត គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សា លើការងារមួយចំនួននៃគម្រោងដែលនៅសេសសល់ ដើម្បីសម្រួលដល់ការអនុវត្តគម្រោង អាចប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយគុណភាព ទៅតាមការផែនការដែលបានគ្រោងទុក៕