នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បន្តដឹកនាំកិច្ចប្រជុំលេីកទី៥ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ៦ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានបន្តដឹកនាំកិច្ចប្រជុំលេីកទី៥ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្តចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះមានអញ្ជេីញចូលរួមពីឯកឧត្តម អគ្គនាយករង លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះបានលេីកយកចំណុចសំខាន់ៗមួយចំនួនមកពិភាក្សា និងកែសម្រួលពាក់ព័ន្ធការកំណត់ប្រភេទទិដ្ឋាការ លក្ខខណ្ឌ និងបែបបទដែលជនបរទេសត្រូវបំពេញដេីម្បីចូល-ចេញ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានសង្កត់ធ្ងន់លើការកែសម្រួលលក្ខខណ្ឌសម្រាប់ជនបរទេសគ្រប់ប្រភេទដែលស្នើសុំទិដ្ឋាការចូលមកព្រះរាជាណាចក្រកម្ពុជា ដោយផ្តួចផ្តើមឲ្យអង្គប្រជុំពិភាក្សាវែកញែកលើការកំណត់លក្ខខណ្ឌសម្រាប់ជនបរទេសដែលស្នើសុំទិដ្ឋាការប្រភេទនីមួយៗឲ្យបានច្បាស់លាស់ ធានាបាននូវសង្គតិភាពជាមួយគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងដើម្បីរក្សាបាននូវការការពារសិទ្ធិ និងផលប្រយោជន៍ទាំងចំពោះពលរដ្ឋខ្មែរ និងជនបរទេសនៅព្រះរាជាណាចក្រកម្ពុជា៕