ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញធ្វើទស្សនកិច្ច នៅសាលាបឋមសិក្សាកៀនជង្រុក ស្ថិតនៅភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាប្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញធ្វើទស្សនកិច្ច នៅសាលាបឋមសិក្សាកៀនជង្រុក ស្ថិតនៅភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ដោយមានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកអភិបាលស្រុកវាលវែង ព្រមទាំង ក្រុមប្រឹក្សាឃុំអូរសោម និង មន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូ ព្រមទាំង សិស្សានុសិស្ស និងបានប្រកាសផ្តល់នូវអំណោយអាគារសិក្សាចំនួន១ ខ្នង៦បន្ទប់, បន្ទប់ទឹកចំនួន១ខ្នង មាន៥បន្ទប់, ទីចាត់ការ, ដងទង់ជាតិថ្មី, ក្លោងទ្វារសាលា និងរបងព័ទ្ធជុំវិញ ព្រមជាមួយនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជួយដោះស្រាយតម្រូវការចាំបាច់ក្នុងការផ្តល់លទ្ធភាពឱ្យកុមារា កុមារី ក៏ដូចជា លោកគ្រូ និងអ្នកគ្រូ មានអគារសិក្សាសមរម្យ ក្នុងបុព្វហេតុនៃការកសាងធនធានមនុស្ស ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ជូនដែរថា ឃុំអូរសោម មានសាលាបឋមសិក្សាចំនួន ៣។ ដោយឡែក សាលាបឋមសិក្សាកៀនជង្រុកនេះ មានគ្រូសរុប ៥នាក់ ស្រី៣នាក់ និងមានសិស្សសរុប១៧៦នាក់ ស្រី៧៦នាក់ និងមានសិស្សមត្តេយ្យចំនួន ៣០នាក់ ស្រី១៣ នាក់។ ឃុំអូរសោមមានប្រជាពលរដ្ឋ សរុបចំនួន ៤៤៣៥ នាក់ ដែលជាតំបន់អេកូទេសចរដ៏ល្បីមួយ ស្ថិតក្នុងស្រុកវាលវែង នៃខេត្តពោធិ៍សាត់៕