អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យអាជ្ញាធរខណ្ឌ និងកងកម្លាំងសហការគ្នាពិនិត្យទីតាំងសប្បាយភាពនានា ដើម្បីបង្កលក្ខណៈជូន ប្រជាពលរដ្ឋសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំសកល
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ចសហការគ្នា ពិនិត្យដោះស្រាយ ចំពោះទីតាំងសប្បាយភាពនានានៅភ្នំពេញ ដើម្បីបង្កលក្ខណៈជូន ប្រជាពលរដ្ឋបានសប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំសកល នារាត្រីថ្ងៃទី៣១ ធ្នូ។
នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា នៅរាត្រីថ្ងៃទី៣១ ធ្នូ បុណ្យចូលឆ្នាំសាកលបានចាប់ផ្តើម ពេលនោះហើយ ដែលប្រជាពលរដ្ឋសម្រុកចូលទៅលេងនៅកន្លែងសប្បាយភាពនានា ដូច្នេះសម្រាប់អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចរបស់ខណ្ឌ កម្លាំងស្នងការដ្ឋាន ត្រូវពិនិត្យកន្លែងសប្បាយភាពទាំងនេះ ជាមួយការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ សន្តិសុខ និងសណ្តាប់ធ្នាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសនៅខណ្ឌ ដូនពេញ ចំការមន ជ្រោយចង្វា និងខណ្ឌច្បារអំពៅ ជាដើម ដែលខណ្ឌទាំងនេះ ជាខណ្ឌដែលមានទីតាំងសប្បាយភាពច្រើនជាងគេ ហើយទីតាំងទាំងនេះតែងទទួលរងនូវការកកស្ទះចរាចរជាច្រើនម៉ោង ចាប់ពីម៉ោងឆ្លងរាត្រីទៅ នាបុណ្យឆ្លងឆ្នាំសាកលនេះ។
ឯកឧត្ដមបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី នឹងត្រូវបង្កើតឲ្យមានក្រុមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ។ ដូច្នេះមន្ត្រី និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវមានមុខប្រចាំការ និងបំពេញការងាររបស់ខ្លួន។ ក្នុងនាមជាមន្ត្រី និងកម្លាំងសមត្ថកិច្ច ត្រូវដឹងខ្លួនថា ពេលមានបុណ្យធំៗ មានកន្លែងសប្បាយភាព យើងមិនអាចសប្បាយដូចប្រជាពលរដ្ឋទេ យើងជាអ្នកការពារភាពសប្បាយជូនប្រជាពលរដ្ឋ។
បន្ថែមពីនេះទៀត ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំអោយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចទាំងអស់ ផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ បង្ក្រាបគ្រឿងញៀន ក្មេងទំនើង និងការជួញដូរមនុស្ស នៅរាជធានីភ្នំពេញផងដែរ៕