បណ្តាអង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករង បាត់ដំបង បន្តអនុវត្តន៍ការកសាងពង្រឹង អង្គភាពរឹងមាំលើគ្រប់វិស័យ
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សាស្តីពីការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ នៅកងអនុសេនាធំទី១ ផ្នែកសឹករងសំឡូត ចំណុះតំបន់ប្រតិបត្តិការសឹករង បាត់ដំបង ស្ថិតក្នុងភូមិវាលរលឹម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកមេបញ្ជាការទិសសំឡូត លោកមេបញ្ជាការរង លោកនាយសេនធិការរង លោកនាយ នាយរង ការិយាល័យ ផ្នែក លោកមេបញ្ជាការ មេបញ្ជាការរង កងវរសេនាតូចលេខ១ លេខ២ ផ្នែកសឹករង សំឡូត, កំរៀង, ភ្នំព្រឹក និងសំពៅលូន លោកមេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ កងវរសេនាតូចលេខ១ និងផ្នែកសឹករងទាំង៤ជាប់ព្រំដែន។
បន្ទាប់ពីអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែងនៅកងអនុសេនាធំទី១ ផ្នែកសឹករងសំឡូត រួចមកអធិបតី និងអស់លោកមេបញ្ជាការមកពីតាមបណ្តាអង្គភាពផ្សេងៗ ក៏បានចូលរួមមតិវាយតម្លៃនូវចំណុចវិជ្ជមាន និងអវិជ្ជមានដែលអង្គភាពទាំងមូលធ្វើបាន។
ឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន នៃការអញ្ជើញចូលរួមដ៏កុះករពីសំណាក់ អស់លោកពីគ្រប់បណ្តាអង្គភាពជិតឆ្ងាយទាំងអស់ដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សា ដើម្បីចែករំលែក បទពិសោធន៍រកការរីកចម្រើនផ្លាស់ប្តូរពីគ្នាទៅវិញទៅមក ហើយលោកក៏បានជំរុញដល់មេបញ្ជាការគ្រប់កងឯកភាពទាំងអស់ត្រូវបន្តអនុវត្តន៍ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ តាមផែនការរបស់យោធភូមិភាគទី៥ ទាំង៤ខ្លឹមសារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិត តទៅមុខទៀតឱ្យដូចភ្លៀងរលឹម តាមទិសដៅរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ដែលតែងតែដាស់តឿនជាប្រចាំ សំខាន់ការធានាជីវភាពកងទ័ព កសាងជំរំជម្រកស្នាក់នៅ កសាងទីបញ្ជាការសម្រាប់បំរើការងារក្នុងអង្គភាពឱ្យមានភាពល្អប្រសើរបន្ថែមទៀត។
ជាមួយគ្នានោះដែរឧត្តមសេនីយ៍ត្រី ហួម ខ្វែក ក៏បានក្រើនរំលឹកគ្រប់អង្គភាព ត្រូវអនុវត្តឱ្យបានរឹងមាំនូវភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ការពារជាតិបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ស្ថិរភាពសង្គមជាតិយើងឱ្យបានដាច់ខាតទោះជាតម្លៃណាក៏ដោយ ហើយក៏បានផ្តល់ថវិកា ២.០០០.០០០រៀលដើម្បីចូលរួមចំណែកបន្តកសាងអង្គភាពបន្ថែមទៀតផងដែរ៕