កម្ពុជា ចាញ់ម្ចាស់ផ្ទះថៃ ៣-១ អស់ឱកាសឡើងវគ្គបន្ត
កីឡា៖ ក្រុមជម្រើសជាតិកម្ពុជា អស់ឱកាសឡើងវគ្គបន្តក្នុងការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2022 ហើយ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះថៃ ក្នុងលទ្ធផល ៣-១ ក្នុងជំនួបបញ្ចប់ពូល A នៅកីឡដ្ឋាន Thammasat ។
វគ្គទី១ កម្ពុជា បានរបូត ១គ្រាប់ នៅនាទី៤៥+២ បន្ទាប់ពីខ្សែការពារ យ៉ើ មូស្លីម បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់ ត្រូវបានអាជ្ញាកណ្ដាលពិន័យផ្ដល់បាល់ប៉េណាល់ទី ដល់ក្រុមជម្រើសជាតិថៃ ហើយធ្វើសម្រេចដោយកីឡាករ Teerasil Dangda ។
ចូលវគ្គទី២ ក្រុមដំរីសឹកថៃ នៅតែព្យាយាមដាក់សម្ពាធ ហើយបន្ថែមគ្រាប់ទី២ បន្ទាប់ពីចាប់ផ្ដើមបាន ៥នាទី ដោយកីឡាករ Sumanya Purisai នៅនាទី៥០ ។ ប៉ុន្ដែនៅនាទី៦៨ កម្ពុជា ក៏វាយបកបាន ១គ្រាប់វិញ បន្ទាប់ពីការព្យាយាមញាក់ខ្សែការពារពីសំណាក់កីឡាករ សារ ទី ហើយបញ្ជូនឲ្យ សៀង ចន្ធា ទាត់បញ្ចប់ទីតែម្ដង ។
បន្ទាប់មកក្រុមទាំងពីរ បានព្យាយាមវាយសម្រុកកាន់តែខ្លាំង ពិសេសក្រុមគោព្រៃកម្ពុជា តែពុំមានឱកាសបន្ថែមគ្រាប់បាល់ឡើយ ផ្ទុយទៅវិញ ថៃ បានបន្ថែមគ្រាប់ទី៣ នៅចុងម៉ោង ដែលធ្វើសម្រេចដោយកីឡាករ Teerasil Dangda នៅនាទី៩០ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ដោយថៃ ឈ្នះកម្ពុជា ៣-១ តែម្ដង៕