ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ និងថវិកា ជូនសាលាពលទាហានទី៤
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានទទួលអំណោយឧបត្ថម្ភរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ ដែលរួមមានស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា មួយចំនួនសម្រាប់ទ្រទ្រង់ ដល់ការងាររបស់សាលា ។
សន្តានចិត្តដ៏ប្រពៃរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ បានបង្ហាញយ៉ាងប្រត្យក្សនូវ ការយកចិត្តទុកដាក់ដល់ខឿនអប់រំ ដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃកងយោធពលខេមរភូមិន្ទ ធានាបាននូវគុណភាពនៃបរិមាណ និងការគិតគូរដល់ថ្នាក់ដឹកនាំ យោធាចារ្យ ព្រមទាំងសិក្ខាកាមទាំងអស់ ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន ។
ឧត្តមសេនីយ៍ត្រី ឈឹង សារុន តាងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហានទី៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម មេបញ្ជាការ និង លោកជំទាវ ដែលជានិច្ចកាលតែងបារម្ភអំពី សុខុមាលភាពរបស់យោធិនបម្រើដល់ថ្នាល បណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តខិតខំ យកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ជូនជាតិ មាតុភូមិ និងប្រជាជននិងបន្តអនុវត្តវិធាន ៣កុំ ៣ការពារ ចៀសផុតពីជំងឺកូវីដ-១៩ ៕