ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ អញ្ជើញចុះជួបសំណេះសំណាលក្រុមប្រឹក្សាសង្កាត់គោករកា សង្កាត់ត្រពាំងក្រសាំង និងសង្កាត់ចោមចៅ
ភ្នំពេញ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់គោករកា ខណ្ឌព្រែកព្នៅ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តអាជ្ញាធរមូលដ្ឋានក្នុងការបំពេញការងារជាច្រើនជូនប្រជាពលរដ្ឋ រក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អ ការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា និងបន្តការកសាងរដ្ឋបាលមួយដែលស្អាតស្អំ មានតម្លាភាព ប្រជាធិបតេយ្យ ប្រសិទ្ធភាព។ កុំមានគំនិតគ្រប់គ្រាន់និយម សន្តិភាពនិយម ហើយមិនត្រូវធ្វេសប្រហែសខិតខំធានាការពារសមិទ្ធផលដែលមានស្រាប់ និងបន្តរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែសម្បូរសប្បាយ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភឧបករណ៍តេស្តរហ័សចំនួនបីកេសធំ និងថវិកា១,២០០,០០០រៀលផងដែរ ៕