ឧត្តមសេនីយ៍ឯក យឿង សុខុន និងលោកជំទាវ មិថុនា ភូថង អញ្ជើញបើកដំណើរការ ធ្វើលំហាត់បាញ់គ្រាប់ពិត វគ្គហ្វឹកហ្វឺនបំប៉នជំនាញព្រំដែនគោក នៅភូមិសាស្រ្ត ភ្នំត្រែង នៃកងវរសេនាតូចលេខ៣
ភ្នំពេញ៖ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ អង្គភាពតំបន់ប្រតិបត្តិការសឹករងកោះកុង បានដំណើរការលំហាត់បាញ់ស៊ីបគ្រាប់ពិត វគ្គហ្វឹកហ្វឺនជំនាញព្រំដែនប្រចាំឆ្នាំ២០២២ នៅលើទីលានជាក់ស្តែង នៃភូមិសាស្រ្តវរសេនាតូចលេខ៣ ស្ថិតនៅភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានសិក្ខាកាម ចូលរួមចំនួន ៨០នាក់ យោធិននារី ០៨នាក់ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណអភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពខេត្តកោះកុង ។
ព្រមទាំងបានការចូលរួមពីមេបញ្ជាការរងយោធភូមិភាគទី៣ មេបញ្ជាការកងពលតូចលេខ៣១ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំង៥ចំណុះយោធភូមិភាគទី៣ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចូលរួមផងដែរ។
ឧត្តមសេនីយ៍ឯក យឿង សុខុន បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវពិនិត្យទីតាំងស៊ីបខ្លួនអោយបានច្បាស់មុននឹងបាញ់ ដើម្បីទទួលបានលទ្ធផលល្អ។
ក្រោយសិក្ខាកាមបានដំណើរបាញ់ស៊ីបរួចមកឧត្តមសេនីយ៍ឯក យឿង សុខុន និងលោកជំទាវអភិបាលនៃគណអភិបាលខេត្តកោះកុង បានជូនរង្វាន់លើកទឹកចិត្តដលសិក្ខាកាមដែលទទួលបានពិន្ទុល្អ និង បានកោតសរសើរដល់សិក្ខាកាមទាំងអស់ដែលបានខិតខំយកចិត្តដាកខ្ពស់ ក្នុងការក្រេបជញ្ជក់ចំណេះដឹងដើម្បីពង្រឹងសមត្ថភាពផ្នែកយុទ្ធវិធី និងការប្រើប្រាស់អាវុធជាក់ស្តែង ដើម្បីពង្រឹងប្រៀបការពារជាតិ ការពារបូរណភាពដែនដីនៃយើង ៕