នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្ត និងពិធីប្រកាសតែងតាំងមុខតំណែង នាយនគរបាលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តអនុវត្តផែនការការងារឆ្នាំ២០២៣ និងពិធីប្រកាសតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយរង លោកប្រធាននាយកដ្ឋាន និងមន្រ្តីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មួយចំនួនទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ពុំ វិត្យា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប បានធ្វើការរាយការណ៍លំអិតអំពីរបាយការណ៍កិច្ចការងារអំឡុងឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជូនអង្គប្រជុំ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍រួចមកឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានណែនាំនូវអនុសាសន៍មួយចំនួន និងបានឲ្យអង្គពិធីលើកជាមិតិយោបល់ ដើម្បីចូលរួមកែលម្អលើខ្លឹមសារសេចក្ដីព្រាងរបាយការណ៍ដែលលោកប្រធាននាយកដ្ឋានរដ្ឋបាលសរុបបានរាយការណ៍ជូនខាងលើ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ឲ្យ ចូលរួមមតិវាយតម្លៃលើបញ្ហាសំខាន់ៗដែលកើតមានឡើងកន្លងមកដែលគួរឲ្យកត់សម្គាល់ និងត្រូវយកចិត្តទុកដាក់ដោះស្រាយបន្តទៅមុខទៀតនៅក្នុងខែមករា ឆ្នាំ២០២៣ និងបញ្ហាសំណូមចំនួនទៀតដែលចាំបាច់។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អគ្គនាយរង និងប្រធាននាយកដ្ឋានមួយចំនួនបានមានមតិយោបល់លើកឡើងនូវបញ្ហារប្រឈម ផលលំបាក និងសំណូមពរមួយចំនួនលើកិច្ចការជំនាញ ការប្រតិបត្តិការនាពេលកន្លងមកជូនឯកឧត្តមអគ្គនាយកជ្រាប។
ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារនាយកដ្ឋានរដ្ឋបាលសរុបដែលបានរៀបចំរបាយការណ៍ ប្រឹងប្រែងអនុវត្តតាមគោលការណ៍ដែលបានដាក់ជូន ឯកឧត្តម អគ្គនាយក ក៏បានឯកភាពរាល់មតិយោបល់ដែលបានលើកឡើង។
ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍បន្តថា មតិដែលបានលើកឡើងនេះ បានធ្វើឲ្យខ្លឹមសាររបាយការណ៍មានអត្ថន័យ លទ្ធផលល្អដែលបញ្ជាក់ថាពិតជាមានសកម្មភាពការងារប្រកបដោយការសហការ ខិតខំគ្រប់ផ្នែកនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសារតែការខិតខំសហការរួមគ្នានេះហើយទើប ធ្វើឲ្យជួបប្រទះនូវបញ្ហា ប្រឈម ផលលំបាកនានារបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានឲ្យនាយកដ្ឋានទាំងអស់រួមសហការបន្តទៀត រាល់ប្រតិបត្តិការការងារ និងប្រកបដោយវិជ្ជាជីវនគរបាលអន្តោប្រវេសន៍ ព្រមទាំងជូនពរដល់ថ្នាក់ដឹកនាំ កងកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជោគជ័យគ្រប់ភារកិច្ច ជៀសឆ្ងាយពីជំងឺរាលត្បាតកូវីដ១៩ក្នុងឱកាសឆ្នាំថ្មីឆ្នាំសកលនេះផងដែរ ៕