កម្ពុជាបញ្ជូនទ័ពមួកខៀវចំនួន៤៨នាក់បន្ថែមទៀតទៅចូលរួមបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសម៉ាលី
ភ្នំពេញ៖ នារាត្រីទី៧ ខែមករា ឆ្នាំ២០២៣ កម្ពុជាបញ្ជូនកងទ័ពមួកខៀវ ចំនួន៤៨នាក់បន្ថែមទៀតនៃចំនួនសរុប១៤៤នាក់ នៃកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះEOD ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនកម្លាំងចាស់ ដែលបាន បញ្ចប់រយៈ១ឆ្នាំ។
លោកជំទាវ ឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានមានប្រសាសន៍ក្នុងពិធីជូនដំណើរកងកម្លាំងមួកខៀវថា កម្ពុជាបានរួមចំណែកបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដើម្បីជួយដល់បណ្តាប្រទេសដែល កំពុងប្រឈម និងរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងចូលរួមធ្វើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងធ្វើការថែទាំព្រលានយន្តហោះ។ ប្រតិបត្តិការសន្តិភាព គឺជាគោលការណ៍សកល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ តាមរយៈការចូលរួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរដោយសារភ្លើងសង្គ្រាម និងចូលរួមជាមួយសាមីប្រទេសក្នុងការស្តារនិតិសម្បទារសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ស្របតាមគោលការណ៍អង្គការសហប្រជាជាតិ ដើម្បីកសាងមាគ៌ាឆ្ពោះទៅកាន់ពិភពលោកមួយដែលមានសន្តិភាព និងវឌ្ឍនភាព។ ប្រទេសកម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួនទៅសម្រាលទុក្ខលំបាករបស់ប្រជាជនដទៃទៀតដែលរងផលប៉ះពាល់ដោយសង្គ្រាម។
ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពសរុបចំនួន ៨.៥២៣នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។ « បច្ចុប្បន្ន កងរក្សា សន្តិភាព កម្ពុជា ចំនួន ៨០១ នាក់ នៅតែ បំពេញ កាតព្វកិច្ច របស់ខ្លួន នៅ ប្រទេស ស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល»៕