យោធិន តំបន់ប្រតិបត្តិការសឹករងបាត់ដំបង តែងតែទទួលបានការយកចិត្តទុកដាក់ពីសំណាក់ លោកមេបញ្ជាការ នៅពេលមានទុក្ខ
ភ្នំពេញ៖ វរសេនីយ៍ឯក ភើយ លំអង មេបញ្ជាការរង នាយសេនាធិការ តំណាងឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានដឹកនាំលោកនាយសេនាធិការរង នាយ នាយរង ការិយាល័យ ផ្នែក ព្រមទាំងនាយទាហាន នាយទាហានរង ចូលរួមរំលែកទុក្ខបុណ្យសពម្តាយ អនុសេនីយ៍ទោ ធឿន ថា នាយរោងជាង ការិយាល័យបច្ចេកទេស តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលបានទទួលមរណភាព ស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង។
វរសេនីយ៍ឯក ភើយ លំអង បានពាំនាំនូវពាក្យផ្តាំផ្ញើចូលរួមរំលែកទុក្ខ របស់លោកមេបញ្ជាការ ព្រមទាំងមិត្តរួមអាវុធទាំងអស់ ហើយលោកក៏បាននាំយកថវិកាដែលបានមកពីការចូលរួមឧបត្ថម្ភរបស់ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ចំនួន ២.៣៩០.០០០រៀល ចូលជាបច្ច័យក្នុងពិធីបុណ្យសពផងដែរ។
គួរបញ្ជាក់ថានេះគឺជាកាយវិការដ៏សប្បុរស និងការយកចិត្តទុកដាក់របស់ លោកមេបញ្ជាការ មេបញ្ជាការរង ដែលតែងតែអនុវត្តជាប់ជាប្រចាំក្នុងការចុះសួរសុខទុក្ខចំពោះអ្នកក្រោមឱវាទដែលមានជំងឺ និងមានទុក្ខលំបាកផ្សេងៗ គឺលោកតែងតែនាំយកនូវថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៅចូលរួមសម្រាលការលំបាក។
វរសេនីយ៍ឯក ភើយ លំអង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមឲ្យបន្តនូវវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក នេះបង្ហាញឲ្យឃើញនូវសាមគ្គីភាពដ៏រឹងមាំក្នុងជួរកងទ័ព៕