ឯកឧត្តម អ៊ុក ប្រជា ចូលរួមកម្មវិធី “មហាសន្និបាតសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សា និងប្រធានសមាគមអាណត្តិទី៣”
ភ្នំពេញ៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការ ជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានចូលរួមក្នុងកម្មវិធី “មហាសន្និបាតសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សា និងប្រធានសមាគមអាណត្តិទី៣” ដែលបានរៀបចំឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ ចំពោះនាយកដ្ឋានកម្មសិទ្ធិបញ្ញា ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានជួយសម្របសម្រួល និងជ្រោមជ្រែងបង្កើតជាសមាគមនេះទ្បើង និងបានដំណើរការបេសកកម្មរបស់ខ្លួនក្នុងការជួយលើកកម្ពស់ និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញារបស់ព្រះរាជាណាក្រកម្ពុជា ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍ ការពង្រឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាតាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយច្បាប់ និងការអនុវត្តកម្មសិទ្ធិបញ្ញាដល់ពាណិជ្ជករ សហគ្រាសនានា រួមទាំងសហគ្រាសធុនតូច និងមធ្យម នៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកទល់នឹងបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបអង្គពិធីពីការអភិវឌ្ឍកម្មសិទ្ធិបញ្ញាដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងនាមក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ បានខិតខំរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាពការងារកម្មសិទ្ធិបញ្ញា សម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា២០២២-២០២៧ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញាក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យមានប្រសិទ្ធភាព និងមានតុល្យភាព ការកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ដើម្បីលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័នសាធារណៈ និងវិស័យឯកជន ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធនានា។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ជាទិដ្ឋភាពបច្ចេកទេស យើងបានឈានទៅដល់ការរៀបចំចុះបញ្ជីម៉ាកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ហើយបច្ចុប្បន្នក៏កំពុងដាក់ដំណើរការសាកល្បងនូវការបង់កម្រៃនៃការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកតាមប្រព័ន្ធនេះផងដែរ។ បន្ថែមពីនេះ យើងក៏បានរៀបចំវគ្គបណ្តុះបណ្តាល និងការប្រទ្បង ដើម្បីក្លាយជាភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងព្រះរាជាណាចក្រកម្ពុជាបានចំនួន ០៥វគ្គ រួចមកហើយ ដែលមានអ្នកចូលរួមសរុបចំនួន ២៣៥នាក់ នឹងក៏បន្តរៀបចំវគ្គបណ្តុះបណ្តាលនេះបន្ថែមទៀតនាពេលខាងមុខផងដែរ។
លើសពីនេះទៀត នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដោយសហការជាមួយដៃគូអភិវឌ្ឍ នានា បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងដើម្បីពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួន ព្រមទាំងបាននឹងកំពុងរៀបចំប្រព័ន្ធនៃការសិក្សាពីចម្ងាយ វិស័យកម្មសិទ្ធិបញ្ញាសម្រាប់សាធារណៈជន ដើម្បីឱ្យសាធារណៈជនទាំងអស់អាចចូលមកសិក្សា និងស្វែងយល់អំពីវិស័យកម្មសិទ្ធិបញ្ញាបានដោយខ្លួនឯងផងដែរ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសមាគមសម្រេចបានក្នុងរយៈពេល ២អាណត្តិ មកនេះ ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ដើម្បីអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញារបស់កម្ពុជា ព្រមទាំងបានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រធានក្នុងអាណត្តិទី៣ នេះ ក៏នឹងនៅតែបន្ត បេសកកម្មដ៏សំខាន់នេះ តាមរយៈកិច្ចសហការជាមួយស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីជំរុញឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីវិស័យកម្មសិទ្ធិបញ្ញា ការគោរពនិងអនុវត្តកម្មសិទ្ធិបញ្ញានៅកម្ពុជាបានល្អប្រសើរ ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន៕