ឯកឧត្ដម ហ៊ុន ម៉ានី៖ មានការកែទម្រង់ មិនមែនមានន័យថា រឿងពីមុនដំណើរការមិនល្អនោះទេ, តែត្រូវដើរឲ្យទាន់ស្ថានការណ៍ពិភពលោក
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញអំពីមូលហេតុនៃការធ្វើកំណែទម្រង់ មិនថាតែវិស័យអប់រំ. កសិកម្ម ឬវិស័យណាមួយនោះទេ គឺដើម្បីដើរទាន់ស្ថានការណ៍របស់សកល។
ឯកឧត្ដម ហ៊ុន ម៉ានី គូសបញ្ជាក់បែបនេះ៖នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
យោងតាមរយៈ Facebook ផ្លូវការរបស់ឯក ឧត្ដមហ៊ុន ម៉ានី បានលើកឡើងដូចខាងក្រោម៖
ហេតុអ្វីបានជាមានការកែទម្រង់? តើការកែទម្រង់មិនបានន័យថា អ្វីពីមុនដំណើរការមិនបានល្អនោះទេ?
នាសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឯកឧត្ដមសូមលើកយកជ្រុងមួយនៃការកែទម្រង់ក្នុងបរិបទកម្ពុជាមិនថាក្នុងវិស័យអប់រំ ឬវិស័យកសិកម្ម ឬវិស័យណានោះទេ ទាំងផែនការ ទាំងវិធីសាស្ត្រ ទាំងបច្ចេកទេសរៀនសូត្រ និងបង្រៀន រួមទាំងមាតិការបស់មេរៀនផងដែរ។
រីឯកត្តាមួយ ក្នុងកត្តាជាច្រើនដែលទាមទារឲ្យមានការកែទម្រង់នោះ មិនមែនបានន័យថាអ្វីដែលយើងធ្វើកន្លងមកមិនល្អនោះទេ ប្រទេសកម្ពុជាបានធ្វើកិច្ចការដ៏ល្អច្រើនណាស់ តែយើងនៅតែមានមហិច្ឆតាចំពោះប្រទេសជាតិ និងប្រជាជន លើសនេះទៅទៀត ហើយយើងនៅមានភារកិច្ចជាច្រើនទៀតដែលត្រូវធ្វើ។
ចំពោះកត្តាមួយនោះគឺ ការឆ្ពោះទៅមុខរបស់កម្ពុជាក្នុងកាលៈទេសៈនៃការវិវឌ្ឍសង្គមសេដ្ឋកិច្ចសាកល ទាំងចំណេះជំនាញក្នុងសតវត្សទី២១ផង ទាំងដំណាក់កាលនៃសាកលភាវូបនីយកម្មផង ទាំងបរិបទបដិវត្តន៍ឧស្សាហកម្ម និងដើម្បីតម្រូវឲ្យសមស្របជាមួយទីផ្សារការងារ និងសេដ្ឋកិច្ចជាសាកលផង។
ដូច្នេះហើយ រាល់ការចូលរួម និងការគាំទ្រក្នុងដំណើរការកែទម្រង់ពិតជាមានសារៈសំខាន់បំផុត។ ប្រសិនបើយើងមិនមានការកែសម្រួល .កែទម្រង់នោះទេ យើងប្រាកដជានឹងអាចរត់ក្រោយគេ ឬតាមមិនទាន់ស្ថានការណ៍នៃដំណើរទៅមុខរបស់សង្គមសាកល ដែលទាមទារជារៀងរាល់ថ្ងៃ ហើយទាំងនេះក៏ទាមទារឲ្យយើងទាំងអស់គ្នាកាន់តែខិតខំប្រឹងប្រែងធ្វើវឌ្ឍនភាពខ្លួនឯងឲ្យបានល្អ៕