ឯកឧត្តម ខៀវ កាញារីទ្ធ និងឯកឧត្តម ផៃ ស៊ីផាន ដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន»
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអម នាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន» ។
កិច្ចពិភាក្សានេះក៏មានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកនាំពាក្យគ្រប់ក្រសួង ស្ថាប័ននានា មន្ដ្រីមន្ទីរព័ត៌មានរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ។
សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្តីពី «យុទ្ធសាស្ត្រនយោបាយព័ត៌មាន» ដែលនឹងប្រព្រឹត្តទៅរយៈពេលពេញ ១ថ្ងៃនេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មានថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការរួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត និងជំរុញការផ្តល់សេវាសាធារណៈ ឱ្យទៅកៀកផ្ទាល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពផងដែរ ៕