សម្តេច ហេង សំរិន ស្នើអតីតប្រធានរដ្ឋសភាកូរ៉េ ជួយផ្សព្វផ្សាយកៀរគរវិនិយោគិនកូរ៉េ មកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក (Park Byeongseug) អតីតប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាប្រធានវេទិកាសន្តិភាព និងកាទូត ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ក្នុងពេលដែលឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ និងបានសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា និងឆ្លៀតឱកាសមកជួបសម្តែងការគួរសមជាមួយសម្តេចនាពេលនេះ។
ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកូរ៉េ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ជាពិសេសវិស័យកាទូតសភា។
ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពកោតសរសើរចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានបំពេញតួនាទីដ៏សំខាន់ៗនៅក្នុងការរំដោះ សង្រ្គោះអាយុជីវិតប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិ និងចូលរួមកសាងអភិវឌ្ឍន៍កម្ពុជារហូតមក។ ឯកឧត្តម សូមអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា រួមនឹងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ជាមួយគ្នានេះ ឯកឧត្តមសូមសម្តែងក្តីសប្បាយរីករាយ ចំពោះការរីកចម្រើនដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជានិងសាធារណរដ្ឋកូរ៉េ មានការរីកចម្រើនបន្តបន្ទាប់។
ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់របស់រដ្ឋសភានៅក្នុងការលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ។
ជាមួយគ្នានេះ ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពស្នើសូមសម្តេចជួយជំរុញទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែស៊ីជម្រៅឡើង តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រចំពោះបេសកកម្ម របស់ឯកឧត្តម និងគណៈប្រតិភូ ក្នុងការលើកកម្ពស់ការទូតសន្តិភាព។ សម្តេចបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីឥណទានសម្បទាន ហើយគម្រោងនានាជាច្រើន បាននិងកំពុងអនុវត្ត។
ឆ្លៀតឱកាសនោះ សម្តេចបានស្នើសូម ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក និងគណៈប្រតិភូជួយផ្សព្វផ្សាយឲ្យវិនិយោគិនកូរ៉េ មក វិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀតពីព្រោះកម្ពុជាមានសុខសន្តិភាពពេញលេញ មានសក្តានុពលលើវិស័យសេដ្ឋកិច្ច ។
ឯកឧត្តម ប៉ាក ប៊ីយុងស៊ឺក បានគោរពទទួលយកសំណើសម្តេចប្រធានរដ្ឋសភា និងបានជម្រាបជូនសម្តេច ពីការរីកចម្រើនទំហំពាណិជ្ជកម្មប្រទេសទំាងពីរដែលបានកើនដល់៥ពាន់លានដុល្លារ។ សាធារណរដ្ឋកូរ៉េជាប្រទេសឈរក្នុងលំដាប់ទី២ ដែលបានបោះទុនវិនិយោគនៅកម្ពុជាបន្ទាប់ពីប្រទេសចិន។
ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូនសម្តេចបន្តថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបនឹងចូលជាធរមាន ការវិនិយោគនិងពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េ នឹងកើនឡើង។ ជាពិសេសនៅឆ្នាំនេះសាធារណរដ្ឋកូរ៉េបានបង្កើនចំនូនកូតាពលករខ្មែរ ទៅធ្វើការនៅកូរ៉េចំនួន៤០% បន្ថែមទៀត៕