ឯកឧត្តម ជិន ម៉ាលីន អញ្ជើញចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍កិច្ចការនាំពាក្យក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍កិច្ចការនាំពាក្យក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” ក្នុងគោលបំណងរៀបចំយុទ្ធសាស្ត្រនយោបាយព័ត៌មាន ដើម្បីបំផុស ផ្សព្វផ្សាយនូវទស្សនទាន និងសមិទ្ធផល ក្នុងអាណត្តិទី៦របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងរយៈពេលមួយថ្ងៃនៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញជាអធិបតីភាពរបស់ ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីបើកកិច្ចប្រជុំ និងដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទកិច្ចប្រជុំ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ៕