រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីកសិកម្មតួកគី អញ្ជើញជាអធិបតីចូលរួម ក្នុងកិច្ចប្រជុំធុរកិច្ចរវាងកម្ពុជា និងតួកគី
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត វ៉ាហ៊ីត គីរីស៊ី (Vahit KIRIŞCI) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃសាធារណរដ្ឋតួកគី នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំធុរកិច្ចរវាងកម្ពុជា-តួកគី ដែលបានប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា និងសហការដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក ម៉ាហៀ អើប (Mahir Alp) ប្រធានក្រុមប្រឹក្សាភិបាលធុរកិច្ចកម្ពុជា-តួកគី ព្រមទាំងមានការអញ្ជើញចូលរួមពីថា្នក់ដឹកនាំជាន់ខ្ពស់ ធុរជន វិនិយោគិន និងពាណិជ្ជកររបស់ភាគីទាំងពីរសរុបប្រមាណ ៤០រូប។
ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះការសហការដ៏ប្រពៃរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាភិបាលធុរកិច្ចកម្ពុជា-តួកគី ក្នុងការរៀបចំកិច្ចប្រជុំធុរកិច្ចនេះ ដែលផ្តល់នូវឱកាសជូនវិស័យឯកជននៃប្រទេសទាំងពីរ ឈ្វេងយល់ពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ដើម្បីចាប់ដៃគូពាណិជ្ជកម្ម ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ច។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីកត្តាសំខាន់ៗ ដែលញ៉ាំងឱ្យកម្ពុជាក្លាយជាទីតាំងដ៏ល្អសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដោយក្នុងនោះរួមមាន៖ កំណើនសេដ្ឋកិច្ចខ្ពស់ (រំពឹងកើនប្រមាណ ៦.៦% ឆ្នាំ២០២៣), ភាពធន់នៃសេដ្ឋកិច្ចតាមរយៈអតិរេកស្បៀងបម្រុង និងប្រសិទ្ធភាពគោលនយោបាយឆ្លើយតបនឹងវិបត្តិកូវីដ-១៩, ទីតាំងភូមិសាស្រ្តដ៏ទាក់ទាញ, ការស្តារនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាមួយនឹងច្បាប់វិនិយោគថ្មីដែលផ្តល់ការលើកទឹកចិត្ត និងការគាំពារដ៏សំបូរបែប។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត វ៉ាហ៊ីត គីរីស៊ី រដ្ឋមន្រ្តីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់តួកគី បានកោតសរសើរចំពោះសន្ទុះនៃការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាមួយនឹងអត្រាកំណើនខ្ពស់របស់កម្ពុជា និងបានគូសបញ្ជាក់ជាថ្មីអំពីឆន្ទៈជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើគ្រប់វិស័យ ជាពិសេសកសិកម្ម វាយនភណ្ឌ យានយន្ត ថាមពលកកើតឡើងវិញ និងកម្មន្តសាល -ល- ដោយសង្កេតឃើញពីសក្តានុពលទីផ្សារនាំចេញដ៏សំបូរបែបរបស់កម្ពុជា (រួមមានទីផ្សារអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាសម្រេចបាន)។ ក្នុងនោះដែរ ឯកឧត្តមក៏បានបង្ហាញពីបំណងជំរុញពាណិជ្ជកម្មសេវា ជាពិសេសទេសចរណ៍ និងការសាងសង់ ព្រមទាំងបានជម្រាបពីលទ្ធភាពនៃការបញ្ជូនទីប្រឹក្សាពាណិជ្ជកម្មតួកគីមកប្រចាំកម្ពុជា នាពេលខាងមុខ។
ក្នុងឱកាសនោះផងដែរ អ្នកឧកញ៉ា គិត ម៉េង និង លោក ម៉ាហៀ អើប បានជម្រាបជូនអំពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគ ក៏ដូចជាវិស័យ និងអនុវិស័យសំខាន់ៗ ជាមួយនឹងយថាប្រភេទនៃទំនិញ និងសេវាកម្ម ដែលមានសក្តានុពលសម្រាប់កិច្ចសហការរវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ។
ក្នុងនោះ អ្នកឧកញ៉ាបានធ្វើបច្ចុប្បន្នភាពនៃពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា ដែលសម្រេចបានក្នុងក្របខណ្ឌអាស៊ានបូកដៃគូ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងក្របខណ្ឌទ្វេភាគីជាមួយចិន និងកូរ៉េ ព្រមទាំងកំពុងចរចាជាមួយអេមីរ៉ាតអារ៉ាប់រួម ផងដែរ។
ក្នុងន័យនេះ អ្នកឧកញ៉ាបានលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិនតួកគីមកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យកែច្នៃម្ហូបអាហារ ដើម្បីអាចប្រើប្រាស់ពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ។
នៅកិច្ចបញ្ចប់ អង្គប្រជុំក៏បានគូសបញ្ជាក់ជាថ្មីអំពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងតួកគី នាពេលខាងមុខ សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១.០០០ លានដុល្លារអាមេរិក ដែលបានជំរុញដោយថ្នាក់ដឹកនាំកំពូលរបស់ភាគីទាំងពីរ៕