តំណាងឯកឧត្តម ប្រាក់ សុខុន ប្រគល់លិខិតថ្លែងអំណរគុណ ជូនស្ថាប័នស្រាវជ្រាវក្នុងស្រុកចំនួន៣ ដែលរួមចំណែកក្នុងការលើកស្ទួយ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្នុងនាមជាតំណាងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានប្រគល់លិខិតថ្លែងអំណរគុណ ជូនស្ថាប័នស្រាវជ្រាវក្នុងស្រុកចំនួន៣ នៅកម្ពុជា រួមមានរាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០២២ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។