លទ្ធផលត្រួតពិនិត្យការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី ១៣ ខែមករា រកឃើញយានយន្តល្មើស ចំនួន១៦៨គ្រឿង ត្រូវបានផាកពិន័យ
ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឲ្យដឹងថា ចំនួនគោលដៅសរុប ១៣៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ១.៦៨៣គ្រឿង ម៉ូតូចំនួន ១.៣៥៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៦៨គ្រឿង មានម៉ូតូចំនួន ១៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស។
ដោយឡែកក្នុងរយៈពេល១៣ថ្ងៃ(ថ្ងៃទី០១-១៣ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ១៧.៣៣៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣.២៩៤គ្រឿង ម៉ូតូមានចំនួន ២.៩១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១៣ថ្ងៃនៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕