ឌីជីថល ដើរតួរសំខាន់ ក្នុងការជួយផ្សព្វផ្សាយសក្តានុពល ក្នុងវិស័យទេសចរណ៍
ភ្នំពេញ៖ ឯកឧត្ដម ឡាង សុលីណា ទីប្រឹក្សា និងជាអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន គ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គម ក្រសួងទេសចរណ៍ សហការជាមួយមន្ទីទេសចរណ៍ខេត្តកំពត នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំស្តីពី (ការពង្រឹងការផ្សព្វផ្សាយរូបភាព និងវីដេអូ នៅតាមតំបន់សក្តានុពលទេសចរណ៍ តាមរយៈបណ្តាញទំនាក់ទំនងសង្គម) ដោយមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ តំណាងសហគមន៍ទេសចរណ៍ និងInfluencer ប្រមាណជាង ៥០រូប ។
ថ្លៃងក្នុងកិច្ចប្រជុំ ឯកឧត្តម ឡាង សុលីណា បានលើកជាមតិមួយចំនួន៖
– កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះរៀបចំ កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ នាពេលខាងមុខ ធ្វើយ៉ាងណាពង្រីកការផ្សព្វផ្សាយ អោយបានដល់គ្រប់តំបន់តាមរយៈឌីជីថល
– ការស្តារឡើងវិញក្នុងវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីត-១៩ និងត្រូវផ្តោតសំខាន់លើកការជម្រុញ ក្នុងការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម
– ការផ្សព្វផ្សាយតាមរយៈឌីជីថលត្រូវបានចាត់ទុកថា ជាកត្តាអាទិភាពមួយក្នុងការជម្រុញ អោយភ្ញៀវទេសចរបានទៅដល់គោលដៅកម្សាន្តនានា
– បណ្តាញទំនាក់ទំនងសង្គមមិនត្រឹមតែជួយផ្សារភ្ជាប់ពីមនុស្សទៅនឹងទីកន្លែងទេ ថែមទាំងជួយបង្កើនខាងផ្នែកសេដ្ឋកិច្ចតាមតំបន់ទៀតផង
– ព្រឹត្តិការណ៍បុណ្យជាតិ និងបុណ្យទេសចរណ៍នានាគឺជាគឺជាឱកាសក្នុងការបង្កើតរូបភាព និងវីដេអូ សម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ
– លើកទឹកចិត្ត និងសហការការជាមួយ influencers ល្បីៗ ដើម្បីផ្សព្វផ្សាយបន្ថែមតាមប្រព័ន្ធឌីជីថល
– ចងក្រងជាឯកសាររូបភាព និងវីដេអូ សម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ធំៗទាំងក្នុងស្រុក និងអន្តរជាតិ
– សម្របសម្រួលកិច្ចសហការរវាងប្រតិបត្តិករទេសចរណ៍ សហគមន៍ទេសចរណ៍ ជាមួយ Influencers ក្នុងការផ្សព្វផ្សាយសក្តានុពល វិស័យទេសចរណ៍ ។
ឯកឧត្ដម ឡាង សុលីណា ប្រធានអង្គប្រជុំបានបង្ហាញពីការជឿជាក់ថា កិច្ចសហការរវាងដៃគូរឯកជន និង influencers នឹងប្រឹងធ្វើយ៉ាងណាជួយគ្នាក្នុងបង្កើតជាប្រភពសម្រាប់អោយភ្ញៀវទេសចរបានដឹងបានស្គាល់កន្លែងទស្សនានានានៅក្នុងខេត្តកំពត ហើយមន្ទីទេសចរណ៍ និងក្រសួង នឹងជួយផ្សព្វផ្សាយបន្តតាមរយៈបណ្តាញទំនាក់ទំនងសង្គម៕