រដ្ឋបាលខេត្តតាកែវ រៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាព មន្រ្តីអនុវត្តច្បាប់គ្រឿងញៀន ដល់កម្លាំងនគរបាល អាវុធហត្ថ ទាហាន និងមន្រ្តីពាក់ព័ន្ធទូទាំងខេត្ត
ភ្នំពេញ៖ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់គ្រឿងញៀន ដោយវគ្គបណ្តុះបណ្តាលនេះមានការសហការរៀបចំដោយ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ជាមួយនឹងអគ្គលេខា ធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហៅកាត់ថា អ.ជ.ប.គ.ញ ។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ រួមជាមួយអង្គភាពពាក់ព័ន្ធ លោក យុង សុវឌ្ឍនា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្ត លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជារងកងរាជអាវុធហត្ថខេត្ត និងតំណាងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ គង់ ស៊ីថា ប្រធានពន្ធនាគារខេត្ត ព្រមទាំង លោក លោកស្រី មន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ៕