កីឡាករ កីឡាការិនីប៊ូល និងប៉េតង់របស់ក្រសួងមហាផ្ទៃ ៤រូប ជាប់ជម្រើសជាតិ ឆ្នាំ២០២៣
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាមហាផ្ទៃ បានបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមកម្មវិធីប្រកួតជម្រុះ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីជម្រើសជាតិ ប្រចាំឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ។
នៅក្នុងនោះជាលទ្ធផល កីឡាករ កីឡាការិនីប៊ូល និងប៉េតង់របស់ក្រសួងមហាផ្ទៃ ចំនួន០៤រូប បានជាប់ជម្រើសជាតិប្រចាំឆ្នាំ២០២៣ ក្រោយឆ្លងកាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញ។
អត្តពលិកឆ្នើមទាំង០៤រូបរបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវទទួលភារកិច្ចតំណាងជាតិកម្ពុជា ក្នុងការប្រកួតនានា នៅឆ្នាំ២០២៣នេះ រួមមាន៖ ១-កីឡាករ ដន សុភា ជាប់ជម្រើសជាតិឈុតធំ អាយុ១៨ឆ្នាំដល់៣២ឆ្នាំ, ២-កីឡាការិនី កែវ សុវណ្ណា ជាប់ជម្រើសជាតិឈុតធំអាយុ១៨ឆ្នាំដល់៣២ឆ្នាំ, ៣-កីឡាការិនី កឹម រតនា ជាប់ជម្រើសជាតិឈុតធំអាយុ១៨ឆ្នាំដល់៣២ឆ្នាំ និង៤-កីឡាករ អ៊ុ រតនៈពិទូ ជាប់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំ។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០២៣ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានរៀបចំការប្រកួតជម្រុះ ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីជម្រើសជាតិ ប្រចាំឆ្នាំ២០២៣។ ការប្រជែងនេះត្រូវបានចែកចេញជា០៥ប្រភេទផ្សេងៗគ្នា៖
១.ការប្រកួតជ្រើសរើសជម្រើសជាតិជាតិឈុតធំបុរស
២.ការប្រកួតជ្រើសរើសជម្រើសជាតិជាតិឈុតធំនារី
៣. ការប្រកួតជ្រើសរើសជម្រើសជាតិជាតិយុវជនអាយុ១៨ឆ្នាំឡើង
៤.ការប្រកួតជ្រើសរើសជម្រើសជាតិជាតិយុវជនអាយុក្រោម១៦ឆ្នាំ
៥.ការប្រកួតជ្រើសរើសជម្រើសជាតិយុវនារី។
សូមរម្លឹកផងដែរថា ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២កន្លងទៅ សមាគមកីឡាប៊ូល និងប៉េតង់ក្រសួងមហាផ្ទៃ បានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកសរុបចំនួន២២រូប ឱ្យទៅចូលរួម។ ជាលទ្ធផល ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសរុបចំនួន០៦គ្រឿង រួមមាន៖ មាស០១ ប្រាក់០៣ សំរឹទ្ធ០២គ្រឿង៕