លោក ង៉ោ ម៉េងជ្រួន ដឹកនាំកិច្ចប្រជុំស្តីពី ការណែនាំពីការប្រមូលតម្រូវការអាទិភាព សម្រាប់កសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ លោក ង៉ោ ម៉េងជ្រួន អភិបាលខេត្តស្តីទី អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពី ការណែនាំពីការប្រមូលតម្រូវការអាទិភាព សម្រាប់កសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក-លោកស្រី មន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ បានចូលរួមធ្វើឡើងនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣ម្សិលមិញ។
នាឱកាសនោះលោក ង៉ោ ម៉េងជ្រួន បានមានប្រសាសន៍ថា ៖ ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាការធ្វើឬបំប្លែងនូវខ្លឹមសារ នៃផែនការអភិវឌ្ឍន៍ខេត្តឲ្យក្លាយ ទៅជាសកម្មភាព ឬគម្រោងជាក់ស្តែងដោយភ្ជាប់នូវការ ចំណាយកញ្ចប់ថវិកាខេត្ត មន្ទីរ/អង្គភាព ថវិកាក្រុង-ស្រុក និងឃុំ-សង្កាត់ សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្ត សម្រាប់រយៈពេលបីឆ្នាំខាងមុខ និងត្រូវធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។ លោកបន្តថា ៖ ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺពិតជាមិនអាចខ្វះបាននូវការចូលរួម និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពីព្រោះថា ការចូលរួម គឺជាកត្តាដ៏មានសារៈសំខាន់នៅក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងឈានទៅសម្រេចបាននូវកម្មវិធីវិនិយោគមួយ ដែលមានការឯកភាពស៊ីសង្វាក់គ្នា មានគុណភាព តម្លាភាព គណនេយ្យភាព ការឆ្លើយតប និង ប្រកបដោយប្រសិទ្ធភាព ដើម្បីភាពរីកចម្រើន និងសម្បូរ រុងរឿង។
អភិបាលខេត្តស្តីទី លើកឡើងថា ៖ ដើម្បីសម្រេចបាននូវកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ មានភាពច្បាស់លាស់អាចយកទៅអនុវត្តបាន ទាមទារឲ្យមានការចូលរួមសហការពីគ្រប់មន្ទីរ/អង្គភាព រដ្ឋបាល ក្រុង-ស្រុក-ឃុំ-សង្កាត់ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្ត៕