កងកម្លាំង ស្នងការដ្ឋានខេត្តកំពង់ចាម ២២៣នាក់ ចូលរួមឈ្វេងយល់ពី របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
ភ្នំពេញ៖ លោក សាយ សុធន ប្រធានសាខា ប.ស.ស. ខេត្តកំពង់ចាម នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានចុះផ្សព្វផ្សាយស្ដីពីអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃកងកម្លាំងស្នងការនៃស្នងការដ្ឋានខេត្តកំពង់ចាម ប្រព្រឹត្តទៅនៅសាលប្រជុំស្នងការនគរបាលខេត្តកំពង់ចាម។
កិច្ចប្រជុំផ្សព្វផ្សាយខាងលើនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងនៃស្នងការដ្ឋានខេត្តកំពង់ចាម និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនៃស្នងការដ្ឋានខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រីស្នងការរង អនុប្រធានផែនជំនាញ នាយការិយាល័យជំនាញ នាយរងការិយាល័យជំនាញសរុបប្រមាណ២២៣នាក់។
គួរឲ្យដឹងផងដែរថា ក្នុងចំណោមមន្រ្តីនៃកងកម្លាំងស្នងការនៃស្នងការដ្ឋានខេត្តកំពង់ចាម
សរុបប្រមាណជា ១ ៩០៩នាក់ ក្នុងនោះមានប័ណ្ណ ប.ស.ស. ១ ៦៥៩នាក់ ដោយឡែកអ្នកដែលមិនទាន់មានប័ណ្ណសមាជិក នោះ ប.ស.ស. នឹងផ្ដល់ជូនជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមទៅការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល និងអត្ថប្រយោជន៍ផ្សេងៗ ដែល ប.ស.ស. ផ្ដល់ជូនមន្រ្តីរាជការសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន៕