គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រគល់ខ្នងផ្ទះទី២៤២ ជូនអតីតយុទ្ធជនសោធននិវត្តន៍ នៅស្រុកកំពង់ស្វាយ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាន ទៅប្រគល់ខ្នងផ្ទះទី២៤២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត តាមរយៈ ឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីត យុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនសោធននិវត្តន៍ឈ្មោះ មាស យង់ អាយុ៧២ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨០ នៅអង្គភាពយោធាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយត្រូវបានក្រសួងការជាតិ កាត់រំសាយចេញពីជួរកងទ័ពនៅក្នុងអំឡុងឆ្នាំ១៩៩២។ បច្ចុប្បន្នរស់ ភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោក មាស យង់ បានបញ្ជាក់ថា គាត់មានភរិយា និងកូននៅក្នុងបន្ទុកចំនួន៩នាក់ សព្វថ្ងៃប្រកបមុខរបរធ្វើស្រែនិងដាំដំណាំបន្លែបង្ការបន្តិចបន្តួច សម្រាប់ដោះស្រាយជីវភាពក្នុងក្រុមគ្រួសារ ។ ដោយអនុវត្តន៍តាមបទបញ្ជា របស់ឯកឧត្ដម ទេសរដ្ឋមន្រ្តី នាយ ឧត្ដមសេនីយ៍ គន់ គីម គណៈកម្មាធិការសមាគម អតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បាន សាងសង់ផ្ទះជូនគាត់នៅពេលនេះ ជាខ្នងផ្ទះទី២៤២ អំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវ ដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្តនៅក្នុងមូលដ្ឋាននិងសង្គមជាតិយើង នឹងត្រូវអញ្ជើញទៅពិនិត្យឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ដែលបានបិទផ្សាយនៅតាមឃុំសង្កាត់នីមួយៗ ដើម្បីមានឈ្មោះត្រៀមទៅបោះឆ្នោតជ្រើសរើសតំណាង រាស្ត្រនីតិកាទី៧ នៃរដ្ឋសភានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ៥០គីឡូក្រាម មីចំនួន២កេស ត្រីខចំនួន១យួរ ទឹកត្រីចំនួន១យួរ ទឹកបរិសុទ្ធចំនួន២យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកា មួយចំនួនផងដែរ ៕