ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយ សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាស្ថានបច្ចេកទេសកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. អមដំណើរដោយ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ស.ស.យ.ក.ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. អមដំណើរដោយ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ ស.ស.យ.ក. នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ បានសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្នុងរចនាសម័្ពន្ធ ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យវិទ្យាស្ថានបច្ចេកទេសកម្ពុជា ( ITC) ។
ពិធីសំណេះសំណាលនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាសមាជិកគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ព្រមទាំងគណៈដឹកនាំ សមាជិក សមាជិកា លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និស្សិត ជាសមាជិកស.ស.យ.ក. ប្រចាំសាកលវិទ្យាស្ថានបច្ចេកទេសកម្ពុជា ចំនួន ៣៧២ នាក់ ។
ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់របស់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសគណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ( ITC) ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមបានធ្វើការកោតសរសើរចំពោះ ប្អូនៗ សិស្សនិស្សិតចំពោះការខិតខំប្រឹងប្រែង ការតស៊ូ និងការជំនះពុះពារប្រកបដោយការប្តេជ្ញាចិត្ត និងការតាំងចិត្តខ្ពស់ក្នុងការសិក្សារៀនសូត្រ ដែលនេះជា ជោគជ័យមួយក្នុងជីវិត និងជាកត្តាជំរុញអោយប្អូនៗខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់អនាគត។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងជាសមាជិក គណៈកម្មាធិការដឹកនាំចលនាយុវជនស្ម័គ្រចិត្ត របស់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ បានបង្ហាញការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានី និងបានថ្លែងអំណរគុណចំពោះការយកចិត្តទុក ដាក់របស់ឯកឧត្តម លើកិច្ចការលើកកម្ពស់សមត្ថភាពយុវជនក្នុងការងារស័្មគ្រចិត្ត មនុស្សធម៌ និងកិច្ចការងារសង្គម។
បន្ទាប់មក ឯកឧត្តមបណ្ឌិត បានធ្វើការរាយការណ៍បង្ហាញពីសកម្មភាពដែលសម្រេចបានកន្លងមករបស់សមាជិក សមាជិកា ស.ស.យ.ក. នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកបដោយឆន្ទៈ និងស្មារតី ជាពិសេសលើការងាររួមចំណែកជំរុញការយល់ដឹងពីតួនាទីរបស់យុវជនដើម្បីសង្គមជាតិ និងការពង្រឹងជំនាញទន់ដល់ប្អូនៗនិស្សិត៕