សម្តេចតេជោ ហ៊ុន សែន៖ កំហុសផ្នែកនយោបាយ និងសង្គ្រាម ជាហេតុនាំឱ្យកម្ពុជាក្រ ធ្វើឱ្យយើងខ្វះខាតធនធានមនុស្ស
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ នាថ្ងៃទី២៦ មករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កំហុសផ្នែកនយោបាយ និងសង្គ្រាម ជាហេតុនាំឲ្យកម្ពុជាក្រ ធ្វើឱ្យយើងខ្វះខាតនៅធនធានមនុស្ស ។
សម្តេចតេជោ បានថ្លែងថា ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ។ សម្តេច ពិតជារីករាយនៅពេលបានឃើញ ពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធានមនុស្ស របស់ប្រទេសយើង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានបំផ្លាញកម្ពុជាដល់ឫស្សគល់ ដូច្នេះ សម្តេចតេជោបានថ្លែងថា យើងមិនត្រូវឱ្យមានកំហុសផ្នែកនយោបាយកើតមានទៀតនោះទេ។
សម្តេចតេជោ បន្តថា កម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុន នៅមានកម្រិតនៅឡើយ។ ធនធានមនុស្សនៅកម្ពុជា បរិមាណមានហើយ តែគុណភាពនៅមានកម្រិតនៅឡើយ។
សម្តេចក៏បានជំរុញឱ្យគ្រឹះស្ថានអប់រំទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងគុណភាពបណ្តុះបណ្តាលជាបន្តទៀត។ ការបណ្តុះបណ្តាលមិនមែនដើម្បីយកសញ្ញាបត្រនោះទេ គឺត្រូវធ្វើឱ្យមានចំណេះដឹងពិតប្រាកដ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់និស្សិតឱ្យបន្តការសិក្សា ឬធ្វើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រឹងសមត្ថភាពនាពេលខាងមុខ ៕