សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា គ្មានការបណ្ដេញ អ្នកកាន់សាសនាណាមួយ ចេញពីក្របខ័ណ្ឌរដ្ឋឡើយ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជា គ្មានការបណ្ដេញអ្នកកាន់សាសនាណាមួយ ចេញពីក្របខ័ណ្ឌរដ្ឋឡើយ ផ្ទុយទៅវិញកម្ពុជាផ្ដល់សិទ្ធិគ្រប់យ៉ាង ដល់ប្រជាពលរដ្ឋក្នុងការជ្រើរើស ជំនឿលើសាសនាដែលខ្លួនជឿជាក់ ដើម្បីរក្សាសុខដុមណីយកម្មនៃសាសនា ។
ក្នុងឱកាសអញ្ជើញអបអរសាទរខួប ១០០ឆ្នាំ នៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា នាថ្ងៃទី២៧ ខែមករា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាមិនធ្វើឱ្យកម្ពុជាមានជម្លោះសង្គ្រាមសសនា និងសង្គ្រាមហែកហួរផ្សេងៗទៀតឡើយ ដើម្បីធានានិរន្តរភាព នៃការអភិវឌ្ឍ និងសុខុដុមបនីយកម្មជាតិ និងសាសនា។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងពិធីនេះ ពិតជាមានមន្ដ្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ដែលមានជំនឿទៅក្នុងគ្រិស្ដសាសនា ប៉ុន្ដែអ្នកទាំងអស់គ្នាដែលបានឃើញថា នៅកម្ពុជានេះ បានបណ្ដេញពីក្របខ័ណ្ឌរដ្ឋ ឬក៏បណ្ដេញអ្នកពីនេះ អ្នកនោះ ចេញពីទីនេះ ចេញពីទីនោះ ដោយសារតែជំនឿនោះឬទេ? ពិតជាគ្មានឡើយ នៅក្នុងពេលវេលាដែលយើង បានឆ្លងកាត់ក្នុងរយៈពេលជាង ៤៤ឆ្នាំ កន្លងទៅនេះ» ៕