ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន ដឹកនាំកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តប្រមាណ១២០នាក់ នៅសាលាខេត្តកំពង់ធំ ។
ពិធីបុណ្យទន្លេនឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ ហើយសម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យទន្លេ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។
ក្នុងពិធីបុណ្យទន្លេលើកទី៧នេះ នឹងមានព្រឹត្តិការណ៍ និងសកម្មភាពទាក់ទាញជាច្រើន ដូចជា៖
– ការផ្សាយផ្ទាល់នូវការសម្ដែងទស្សនីយភាពសិល្បៈ និងការប្រគុំតន្រ្តី
– មហាស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក
– សកម្មភាពកីឡាលើគោក និងលើទឹក
ដើម្បីជំរុញដំណើរការរៀបចំបុណ្យទន្លេលើកទី៧នេះឲ្យបានរលូន និងទទួលបានជោគជ័យ រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចមួយលេខ ០៩សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេលើកទី៧ ចាបពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។
ជាងនេះទៀត ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មការអន្តរក្រសួងក៏បានចេញជាសេចក្ដីសម្រេចមួយលេខ ០២៤សសរ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ដីពីការបង្កើត និងតែងតាំងសមាសភាពអនុគណៈកម្មការ និងលេខាធិការដ្ឋាន ដែលរួមមាន៖
– អនុគណៈកម្មការរៀបចំខ្លឹមសារ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍
– អនុគណៈកម្មការហិរញ្ញវត្ថុ ស្នាក់នៅ ហូបចុក ដឹកជញ្ជូន និងបដិសណ្ឋារកិច្ច
– អនុគណៈកម្មការឃោសនាផ្សព្វផ្សាយ តាំងពិព័រណ៍សមិទ្ធិផលនានា និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍ ក្រុមតន្រ្តីចល័តពេលថ្ងៃ មហោស្រពម្ហូបអាហារ និងតុបតែងលំអរក្នុងពិធី
– អនុគណៈកម្មការរៀបចំទស្សនីយភាពសិល្បៈនិងព្យុហយាត្រា
– អនុគណៈកម្មការរៀបចំកីឡាលើគោក និងកីឡាលើទឹក
– អនុគណៈកម្មការសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសង្រ្គោះបន្ទាន់
– លេខាធិការដ្ឋាន។
ក្រោយពីអនុគណៈកម្មការនីមួយៗបានឡើងរាយការណ៍ពីលទ្ធផលការងាររួចមក ឯកឧត្តម ថោង ខុន ប្រធានអង្គប្រជុំបានណែនាំដល់អនុគណៈកម្មការទាំងអស់ និងលេខធិការដ្ឋាន បន្តខិតខំអនុវត្តការងាររបស់ខ្លួនឲ្យបានល្អ ដោយសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងផ្នែកឯកជន សំដៅធ្វើឲ្យព្រឹត្តិការណ៍បុណ្យទន្លេនៅខេត្តកំពង់ធំ ក្លាយជាឱកាសដ៏ល្អប្រសើរសម្រាប់ពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ពិសេសលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់ខេត្តកំពង់ធំ៕