លោកជំទាវ ឡោក ខេង អញ្ជើញសំណេះសំណាល ជាមួយពលរដ្ឋរស់នៅភូមិទាំង៦ ក្នុងសង្កាត់ច្បារអំពៅទី២
ភ្នំពេញ៖ លោកជំទាវ ឡោក ខេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៧៧នាក់ រស់នៅក្នុងភូមិទាំង៦ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ នៅសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីសំណេះសំណាល លោកជំទាវ ឡោក ខេង បានរម្លឹកពីអតីតកាលដ៏អាក្រក់សាហាវទាំងពីរដំណាក់កាលគឺ របបប្រល័យពូជសាសន៍ ប៉ុល ពត និងការឆ្លងជំងឺកូវីដ-១៩ ដែលនៅមិនទាន់ឆ្លងផុតនៅឡើយ។
លោកជំទាវក៏បានលើកឡើងពីផលប៉ះពាល់លើជីវភាពបងប្អូននៃសង្គ្រាម និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធតស៊ូដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋកន្លងមក និងការខិតខំស្តារពង្រឹងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដើម្បីរក្សាបានសេចក្តីថ្លៃថ្នូរ តាមរយ:ការផ្តល់សាច់ប្រាក់អ្នករងផលប៉ះពាល់ដោយសារកូវីដ-១៩ជារៀងរាល់ខែ ការផ្តល់សាច់ប្រាក់អ្នករងផលប៉ះពាល់ដោយសារហានិភ័យអតិផរណា ការឧបត្ថម្ភលើកទឹកចិត្តថែទាំសុខភាពដល់ស្ត្រីក្រីក្រ ស្រ្តីមានផ្ទៃពោះ កូនចាក់វ៉ាក់សាំង កម្មការិនីពេលសម្រាលកូន។
លោកជំទាវបានបន្តថា ការផ្តល់នូវការឧបត្ថម្ភដល់យុវជនរៀនជំនាញវិជ្ជាជីវ: ជំនាញតាមចំណង់ចំណូលចិត្តរយ:ពេលខ្លី និងផ្សព្វផ្សាយពីអនាគតសម្រាប់យុវជនដែលជាធនធានមនុស្សប្រកបដោយសមត្ថភាព ជំនាញវិជ្ជាជីវៈ ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិបន្ថែមទៀត។ ជាមួយនេះ លោកជំទាវបានសំណូមពរអោយឪពុកម្តាយជួយជម្រុញលើកទឹកចិត្ត ផ្តល់ការណែនាំ និងផ្តល់ឱកាសអោយកូនប្រុស ស្រីបានរៀនសូត្រអោយទៅជាធនធានដ៏មានសក្តានុពល។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ឡោក ខេង បានផ្តល់ជូនក្រមា និងឧបត្ថម្ភថវិការបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងម្នាក់ៗ ១ម៉ឺនរៀល ផងដែរ ៕