អគ្គនាយករង ប.ស.ស ចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី សេចក្ដីព្រាងអនុក្រឹត្យ “ការរៀបចំ និងការប្រព្រឹត្តទៅនៃភ្នាក់ងារជាតិបញ្ជាក់ចំណាយ”
ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សា ដើម្បីត្រួតពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃភ្នាក់ងារជាតិបញ្ជាក់ចំណាយ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរៀបចំឡើងដោយគណៈកម្មការប្រតិបត្តិ នៃក្រុមបឹ្រក្សាជាតិគាំពារសង្គម ។
សេចក្ដីព្រាងអនុក្រឹត្យនេះ បានកំណត់វិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការបញ្ជាក់លើសំណើសុំទូទាត់ចំណាយសេវាសុខាភិបាលនៃមូលនិធិសមធម៌សុខាភិបាល និងសេវាវេជ្ជសាស្ត្ររបស់មូលដ្ឋានសុខាភិបាលនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ។
សូមបញ្ជាក់ថាៈ កិច្ចប្រជុំខាងលេី មានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប.ស.ស. នៅសាលប្រជុំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ រួមទាំងមន្រ្តីជំនាញផ្នែកច្បាប់ នៃ ប.ស.ស. និងក្រសួង ស្ថាប័ន ពាក់ព័ន្ធនៃគណៈកម្មការប្រតិបត្តិ ប្រមាណជាង៤០រូប តាមរយៈប្រព័ន្ធវីដេអូ៕