សម្តេចចៅហ្វាវាំង គង់ សំអុល ដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង
ភ្នំពេញ៖ នារសៀលថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា បានដឹកនាំប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជាមួយ ឯកឧត្តម តាន់ បញ្ញាវុធ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង កាលពី ថ្ងៃសុក ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៤៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្ដួលនេះ យើងខ្ញុំជា សមាជិក សមាជិកា គណៈកម្មាធិការទីស្នាក់ការកណ្តាលនិងសាខាទាំង២៥រាជធានីខេត្ត ព្រមទាងមន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រទាំងអស់ សូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែងប្រកបដោយក្តីអាឡោះអាល័យ ចំពោះមរណភាព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង គឺជាការបាត់បង់ ឧត្តមភរិយា ម្តាយ ប្អូនស្រី ប្អូនថ្លៃ និងជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយ ព្រហ្មវិហារធម៌ គុណធម៌ និងចរិយាធម៌ដ៏ល្អប្រពៃថ្លៃថ្លា ដែលមួយជីវិត លោកជំទាវ បានតស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ផ្តល់នូវឱវាទ អប់រំដំបូន្មាន ដល់កូន ចៅ និងក្រុមគ្រួសារ ឱ្យក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។ ទោះបីរូបកាយរបស់ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានបាត់បង់ទៅមែនពិត ប៉ុន្តែ អំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ នឹងស្ថិតនៅក្នុងសន្តានចិត្តឯកឧត្តម កូន ចៅ និងញាតិមិត្តទាំងអស់ ជានិច្ចនិរន្តរ៍។
យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធសព លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕