កម្មវិធីអង្គរសង្រ្កាន្ត ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ៖ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នាកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងយុក្យាការតា ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយគណៈកម្មការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) ២០២៣ បានផ្សព្វផ្សាយ និងគោរពអញ្ជើញអង្គប្រជុំដែលមានការចូលរួមពីថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លេខាធិការដ្ឋានអាស៊ាន ប្រទេសអាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) ឥណ្ឌា រុស្ស៊ី មជ្ឍមណ្ឌលអាស៊ានចិន ជប៉ុន និងកូរ៉េ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក សមាគមទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក (US-ABC) អំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣ ដែលនឹងរៀបចំឡើងវិញ ក្រោយខកខានមិនបានរៀបចំរយៈពេល០៣ឆ្នាំដោយសារវិបត្តិកូវីដ-១៩ និងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូងក្នុងរយះពេល ៦៤ឆ្នាំ និងឆ្នាំទស្សនាកម្ពុជា២០២៣ផងដែរ ។
វីឌីអូឃ្លីបផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ដ៏ធំរបស់កម្ពុជាទាំងពីរត្រូវបានចាក់បញ្ជាំងនៅចំពោះមុខថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក ប្រធានស្ថាប័នជាតិទេសចរណ៍ និងដៃគូពាក់ព័ន្ធសរុបប្រមាណ ២០០ ដែលជាឱកាសបង្ហាញដល់ប្រតិភូអន្តរជាតិកត់ចំណាំទុកនៅថ្ងៃរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការអញ្ជើញប្រតិភូទាំងអស់ក្នុងកម្មវិធីនេះចូលរួមព្រឹត្តិការណ៍ទាំង០២ នៅកម្ពុជាក្នុងឆ្នាំ២០២៣ នេះ៕