ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន៖ សង្គមគ្រួសារមួយមានជីវភាពល្អប្រសើរ គឺផ្តើមចេញពីបញ្ហាសុខភាពល្អ
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន អនុប្រធានគណៈចលនាសាសនិកឥស្លាម និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជនរបស់គណបក្សប្រជាជនកម្ពុជា អញ្ជើញអមដំណើរពីសំណាក់ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យអ៊ីស្លាម ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូសីលិម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យសកម្មភាពការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺ ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋមកទទួលសេវាពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ចំនួន ១០០នាក់ នៅគ្លីនិកមិត្តភាពកំពង់ឆ្នាំង ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តមវេជ្ជបណ្ឌិត បានលើកឡើងថា សុខភាពគឺជាកត្តាចំបងបំផុតដែលមនុស្សគ្រប់វ័យត្រូវខិតខំថែរក្សាជាចាំបាច់។ សង្គមគ្រួសារមានជីវភាពល្អប្រសើរ គឺផ្តើមពីបញ្ហាសុខភាពល្អ ព្រោះបើសមាជិកណាម្នាក់ជួបបញ្ហាសុខភាពនឹងជះឥទ្ធិពលដល់ជីវភាពរស់នៅ ក្ដីសុខ ខាតបង់ពេលវេលា និងការប្រកបការងារប្រចាំថ្ងៃជាដើម។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យសុខាភិបាលត្រូវបានលើកកម្ពស់ពីមួយជំហានទៅមួយជំហាន ដើម្បីផ្តល់សេវាសុខភាពឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តមបានផ្ដាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញការពារកូវីដ-19 តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តទប់ស្កាត់ការឆ្លងពីជំងឺកូវីដ-១៩ ដែលមិនទាន់រលាយបាត់ពីផែនដីនៅឡើយ។
ឯកឧត្តមបន្ដថា គម្រោងការផ្តល់សេវាពិនិត្យសុខភាពជូនប្រជាពលរដ្ឋនេះ គឺក្រោមកិច្ចសហការរវាងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងស្ថាប័ន ASAS នៅប្រទេសម៉ាឡេសុី ដែលរៀបចំផ្តល់សេវាពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រឡាច និងតំបន់ជុំវិញ ជារៀងរាល់ថ្ងៃអាទិត្យក្នុងខែនីមួយៗ ហើយបាននិងកំពុងដំណើរការចាប់តពីឆ្នាំ២០១៦មក ដោយក្នុងមួយឆ្នាំ បានពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋប្រមាណ ៣៣០0នាក់ ដោយចំណាយថវិកាក្នុងមួយឆ្នាំប្រមាណ ១៤៥០០ ដុល្លាសហរដ្ឋអាមេរិក៕