អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិ ថាការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈកាន់តែ ល្អប្រសើរច្រើន
ភ្នំពេញ៖ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia) បានថ្លែងបញ្ជាក់ថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈកាន់តែល្អប្រសើរច្រើន ។
ការបញ្ជាក់របស់អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា នាថ្ងៃទី៦ កុម្ភៈ ។
នៅក្នុងជំនួបនោះ ឯកឧត្តម កែវ រ៉េមី បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងវិស័យសិទ្ធិមនុស្ស រវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏ដូចជាការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នាពេលកន្លងទៅ។ ឯកឧត្តមក៏បានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហការគ្នាទៅថ្ងៃអនាគតផងដែរ។
នៅក្នុងឱកាសនោះ លោក Joseph scheuer បានកោតសរសើរ និងថ្លែងអំណរគុណដល់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលតែងតែសហការជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលយល់ព្រមឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបន្តអាណត្តិរបស់ខ្លួន ដើម្បីបន្តបំពេញ បេសកកម្មក្នុងការជួយរាជរដ្ឋាភិបាលបន្តទៀត។
លោកបានលើកឡើងថា «ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានលក្ខណៈកាន់តែល្អប្រសើរច្រើន» ហើយលោកក៏បានជម្រាបជូននូវគម្រោងនានា ក្នុងការរៀបចំកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំបន្តបន្ទាប់នាពេលអនាគតផងដែរ ៕