អភិបាលខេត្តកំពង់ធំ ខិតខំអភិវឌ្ឍ ជួសជុល និងកែលម្អសោភ័ណ្ឌភាពក្រុងស្ទឹងសែន ឲ្យកាន់តែមានភាពទាក់ទាញជាងមុន
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងរៀបចំកែលម្អសោភ័ណ្ឌភាពតាមមន្ទីរអង្គភាពសាម៉ី និងលើកគម្រោងអភិវឌ្ឍ ជួសជុល និងកែលម្អសោភ័ណ្ឌភាពក្រុងស្ទឹងសែន ឲ្យកាន់តែមានភាពទាក់ទាញជាងមុន ឲ្យរួចរាល់មុនពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត” ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។
ការថ្លែងយ៉ាងដូច្នេះ នៅក្នុងដំណើរការចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍ ជួសជុល និងកែលម្អសោភ័ណ្ឌភាពក្នុងស្ទឹងសែន នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តមអភិបាលខេត្ត ថ្លែងថា ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងសែន អាជ្ញាធរខេត្ត បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការងារអភិវឌ្ឍ និងរៀបចំតុបតែងកែលំអសោភ័ណភាពក្រុងស្ទឹងសែនឲ្យកាន់តែមានភាពទាក់ទាញជាងមុន ក្នុងនោះ មានគម្រោងធំៗជាច្រើន មានដូចជា ការស្ថាបនាជួសជុលកែលម្អហេដ្ឋានរចនាសម្ព័ន្ធក្នុងក្រុងស្ទឹងសែន ជួសជុល និងកែលម្អអ៊ុតកៅស៊ូថ្មី ត្រង់ចំណុចផ្លូវផ្សារចាស់ និងផ្លូវកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ជួសជុល និងកែលម្អសួនស្ទឹងសែន សាងសង់វេរ៉ងដាដងស្ទឹងសែន កំពុងតែដំណើរការស្ថាបនាយ៉ាងយកចិត្តទុកដាក់បំផុត ហើយគម្រោងនេះ នឹងត្រូវបញ្ចប់មុនថ្ងៃពិធីបុណ្យទន្លេ និងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីងាយស្រួលក្នុងការរៀបចំកម្មវិធីកម្សាន្តសប្បាយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៕