ខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ៣៨៣កន្លែង
ភ្នំពេញ៖ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន៣៨៣កន្លែង មានកម្មករ និយោជិតសរុបចំនួន១៥៥,៧៦១នាក់ (ស្រី១១៥,៥២២នាក់)។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ» នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងចំណោមរោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន៣៨៣កន្លែងនេះ, វិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀក បំពាក់ និងស្បែកជើងចំនួន១៨៩កន្លែង មានកម្មករនិយោជិតសរុប១៤៥,៣៩៩នាក់ ស្រី១១០,៨៤៣នាក់។
ឯកឧត្ដមបន្តថា ក្រៅពីនេះមានរោងចក្រធុនធំចំនួន២២៩មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន១៣២,៥០៣នាក់ ស្រី១០២,៨៨៥នាក់ ដោយប្រើប្រាស់ទុនវិនិយោគសរុប ១,៧១៤,៨៣៦,០០០ដុល្លារ។
ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា ដោយឡែករោងចក្រធុនតូច និងមធ្យម និងសិប្បកម្មវិញ មានចំនួន១,១៣០មូលដ្ឋាន ទុនវិនិយោគចំនួន២៦,៤៤៩,៩១០ដុល្លារ ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន១៤,៦២០នាក់ ស្រីចំនួន៧,៧០០នាក់៕