ឯកឧត្ដម លី សាម៉េត និង ឯកឧត្តម អ៊ូច ភា ជួបសំណេះសំណាលជាមួយសមាជិកគណបក្សនានាស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុនសែនតំណាងខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ជាច្រើនរូបបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សនានាស្ម័គ្រចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្រាំកក់ ខេត្តតាកែវ។
មានប្រសាន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្ស ខេត្តតាកែវ បានថ្លែងអំណរសាទរចំពោះបងប្អូនសមាជិក សមាជិកា អតីតគណបក្សនានាទាំងអស់ដែលបានស្មគ្រចិត្តចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយស្មោះស្មគ្រ និងស្របតាមលក្ខន្តិកៈរបស់បក្ស ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិឱ្យមានការរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ដូចជាគាំទ្របេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នាពេលអនាគតផងដែរ ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកគណបក្សថ្មីនាឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត លី សាម៉េត តំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមាន ប្រសាសន៍សំណេះសំណាលដ៏មានអត្តន័យផងដែរថា «លោកពិតជាសប្បាយចិត្ត នៅពេលដែល បានជួបបងប្អូនទាំងអស់គ្នានៅក្នុងឱកាសនេះ ហើយលោកក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើ ដល់បងប្អូន ប្រជាពលរដ្ឋដែលជាសមាជិក គណបក្សប្រឆាំងពីមុន អាចចូលរួមមាគ៌ា ជាមួយគណបក្សប្រជាជន កម្ពុជាវិញ ដោយគ្មានការរើសអើង ហើយគណបក្សប្រជាជនកម្ពុជា ចាំបើកទ្វាចំហជានិច្ចក្នុងការទទួល ដោយកក់ក្តៅបំផុត ហើយលោកក៏បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ របស់សម្ដេចទាំងទ្វេ ជូនចំពោះបងប្អូន ក្នុងឱកាសនោះផងដែរ»៕