នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពការពារព្រំដែននៃប្រទេសវៀតណាម
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នារសៀលថ្ងៃអាទិត្យ ៧រោច ខែមាឃ ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ផ្លាស់ប្ដូរបទពិសោធន៍ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលភាគីវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ឌឹក ថាយ មេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម។
ក្នុងកិច្ចប្រជុំនេះដែរ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការនៅព្រំដែនរវាងកម្ពុជា និងវៀតណាម ជាពិសេសលើការផ្លាស់ប្ដូរព័ត៌មាន បទល្មើសឆ្លងដែន នៅតាមព្រំដែនទឹក និងគោក ព្រមទាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ។
ជាមួយគ្នានេះដែរ ក៏មានការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សាការងាររវាងភាគីទាំងពីរ ភាគីកម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងភាគីវៀតណាម ចុះហត្ថលេខាដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេ ឌឹក ថាយ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ៕