នាយទាហាន នាយទាហានរង ទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ប្រមាណ ៣៥០នាក់ ចូលរួមស្តាប់ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត និងសភាពការណ៍ថ្មីៗ និងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នាយទាហាន នាយទាហានរង ទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២ ប្រមាណ ៣៥០នាក់ បានចូលរួមស្តាប់ការផ្សព្វផ្សាយសភាពការណ៏ក្នុង ក្រៅប្រទេស និងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ។
ក្នុងឱកាសនេះ ឧត្ដមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ មានមតិស្វាគមន៍ ក្នុងពិធីចុះសួរសុខទុក្ខ ផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត និងសភាពការណ៍ថ្មីៗ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋាន យោធសេវា ក្រសួងការពារជាតិ ។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បានមានប្រសាសន៍ថាគោលបំណងដើម្បីឲ្យនាយ-ពលទាហានយើងត្រូវអនុវត្តន៍តួនាទី ភារកិច្ច ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងជាតិមាតុភូមិ និងប្រជាជន ។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បានបន្ថែមទៀតថា ជោគជ័យដ៏ធំធេងនេះ បានមកពីការចូលរួមយ៉ាងសកម្មពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសការប៉ិនប្រសព និងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គួបផ្សំនឹងមូលហេតុរួមមាន កត្តាសុខសន្តិភាព និងការគ្រប់គ្រងកូវីដ-១៩ល្អប្រសើរនៅកម្ពុជា ។
ពាក់ព័ន្ធសភាពការណ៍អន្តរជាតិ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានបញ្ជាក់ថា ពិភពលោកបច្ចុប្បន្នឈរនៅលើពហុប៉ូល ដោយបណ្តាប្រទេសលើសកលលោកបានបែងចែងជាក្រុម និងតំបន់ដោយឡែកៗពីគ្នា ជាហេតុបង្កើតឲ្យមានសភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលជាមហិច្ឆតារបស់ប្រទេសមហាអំណាច បង្កើតជាសង្គ្រាម បង្កគ្រោះមហន្តរាយដល់សន្តិសុខសកល និងភាពភ័យខ្លាចរបស់ប្រជាជន និងការកើនឡើងនៃអតិផរណាពិភពលោកផងដែរ ។
នាយឧត្តមសេនីយ៍ មាស សាវ៉ន បានសង្កត់ធ្ងន់ថា យោធិនទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវតំលៃថ្លៃថ្នូរកងយោធពលខេមរភូមិន្ទ ប្រកាន់ភ្ជាប់នូវច្បាប់លក្ខន្តិកៈ បទបញ្ញត្តិទូទៅកងយោធពលខេមរភូមិន្ទ ចូលរួមកសាងអភិវឌ្ឍន៍ ការពារច្បាប់កំពូលជាតិ ការពារដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និងរក្សាឲ្យបានដាច់ខាតសុខសន្តិភាព ៕