រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយវាមិនធ្វើឱ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជាឡើយ
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានលើកឡើងថា ការបិទចោលវិទ្យុដែលគ្មានក្រមសីលធម៌មួយវាមិនធ្វើឱ្យស្លាប់នូវសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ តែផ្ទុយទៅវិញវានឹងជួយដល់ការអនុវត្តច្បាប់ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាថែមទៀតផង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ អាជ្ញាធរដែនដី និងក្រុមប្រឹក្សាឃុំទាំង៨ ទូទាំង ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម បានជម្រាបជូនពីដំណើរការនៃការឈានទៅបិទ និងដកអាជ្ញាបណ្ណផ្សាយរបស់សារព័ត៌មាន វិទ្យុ VOD ដោយសារការផ្សាយខុសពីការពិត មិនគោរពវិជ្ជាជីវៈសារព័ត៌មាន ហើយមិនព្រមធ្វើការកែតម្រូវ ពិសេសថ្នាក់ដឹកនាំរបស់ VOD រឹងរូសមិនព្រមធ្វើការសុំទោស។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ការបិទការផ្សាយរបស់វិទ្យុ VOD ត្រូវបានទទួលការគាំទ្រ និងសាទរពីគ្រប់មជ្ឈដ្ឋាននានាជាច្រើន។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា ដោយសារតែវិទ្យុ VOD ត្រូវបានបិទ និងគ្មានឱកាសបើកឡើងវិញ ហើយដោយគិតទៅដល់ជីវភាពបុគ្គលិកដែលបាត់បង់ការងារធ្វើដោយកំហុសមេដឹកនាំ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ក្របខ័ណ្ឌរដ្ឋសម្រាប់បងប្អូនដែលមានបំណងចូលបម្រើកិច្ចការរដ្ឋ។
ជាមួយគ្នានេះដែរ ទាក់ទងនឹងកិច្ចការងារផ្នែកវិស័យកសិកម្មវិញ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ពីផែនការរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវធ្វើយ៉ាងណាបង្កើតឱ្យមានមន្រ្តីជំនាញផ្នែកកសិកម្ម នៅគ្រប់ឃុំ ទាំងអស់ ដើម្បីជួយដល់ប្រជាកសិករ។
ឯកឧត្ដមបានបន្ថែមថា ការបង្កើតឱ្យមានមន្រ្ដីជំនាញតាមឃុំនេះ គឺធ្វើយ៉ាងអាចបង្កបង្កើនផលដំណាំបានល្អ ទទួលបានទិន្នផលខ្ពស់ លក់បានកម្រៃច្រើន ដែលអាចជួយឱ្យជីវភាពរស់នៅបានកាន់តែល្អប្រសើរបន្ថែមទៀត៕